( អប់រំ ) តើការសារភាពកំហុសធ្វើឲ្យ មនុស្សត្រូវទទួលទណ្ឌកម្ម ហើយរាល់ការលាក់បាំងកំហុសធ្វើអោយរួចទោសឬ? ( សារភាពកំហុស)

យើងគ្រប់គ្នាសុទ្ឋតែធ្លាប់ធ្វើកិច្ចការ ហើយធ្វើឲ្យមានកំហុស គ្មានជនណាម្នាក់គ្មានកំហុសទេ ប៉ុន្តែ យើងរាល់គ្នាពិតជាមានការទទួលខុសត្រូវខុសៗគ្នា ដោយអ្នកខ្លះហ៊ានទទួលកំហុស តែអ្នកខ្លះទៀតលាក់បាំង កំហុសដោយភ័យខ្លាចការដាក់ទោសទណ្ឌ។ តើការសារភាពកំហុសធ្វើឲ្យ មនុស្សត្រូវទទួលទណ្ឌកម្ម ហើយរាល់ការលាក់បាំងកំហុសធ្វើអោយរួចទោសឬ? វាត្រូវតែទទួលផលតបស្នង គ្រាន់តែថាផលតបស្នងនោះខុសគ្នា អ្នកដឹងកំហុសសារភាពហើយសារភាព នឹងទទួលបានរង្វាន់ អ្នកដឹងកំហុសហើយលាក់បាំង នឹងត្រូវទណ្ឌកម្ម។

និទានៈ សិស្សទទួលកំហុស

អ្នកគ្រូបានសួរថា​«អ្នកណាធ្វើវា?» សិស្ស ៣០ នាក់គិតនូវអ្វីដែលគេបានធ្វើ និងការវែកមុខរបស់​គ្រូ។ «នរណាជាអ្នកធ្វើវា?» អ្នកគ្រូសួរម្តងទៀត។​គាត់ចង់ដឹងយ៉ាងខ្លាំង តែដោយគ្មានការឆ្លើយតប គាត់​ក៏ចាប់ផ្តើមខឹង ប៉ុន្តែម្តងនេះគាត់បានលើកកម្ទេចកញ្ចក់ដែលបានបែកហើយសួរថា «អ្នកណាធ្វើ​ឲ្យបែកបង្អួច?»

«អូអូ! »​ខ្ញុំបានគិត ខ្ញុំជាអ្នកធ្វើឲ្យបែកបង្អួច តែខ្ញុំគ្មានចេតនាទេ គឺវាបណ្តាលមកពីការ​គ្រវែង​បេសបល(  Baseball) ខុសគោលដៅ។ ពេលនេះខ្ញុំកំពុងឈរក្តោបដៃ ហើយគិតរកដំណោះ​ស្រាយ។ ហេតុអ្វីក៏វាជាកំហុសខ្ញុំ ទៅវិញ។ វាពិតជាមិនមែនជាកំហុសរបស់ខ្ញុំទេ។ ប្រសិនបើខ្ញុំសារភាព ខ្ញុំនឹង​មាន​បញ្ហាជាច្រើន។ តើខ្ញុំមានលុយឯណាដើម្បីសងថ្លៃបង្អូចធំមួយហ្នឹង? ខ្ញុំក៏មិនដែលទទួល​បានប្រាក់​ប្រចាំ​ថ្ងៃដែរ។ «ប៉ារបស់ខ្ញុំនឹងមានបញ្ហាដែរ»ខ្ញុំគិត។

ខ្ញុំមិនចង់លើកដៃទេ​តែមានកម្លាំង​ម្យ៉ាង​ដែឈ្នះ​ចិត្តខ្ញុំ​ឲ្យ​លើក​ដៃឡើង។​​ ខ្ញុំក៏និយាយការពិតថា « ខ្ញុំជាអ្នកធ្វើ ខ្ញុំមានការ​ពិបាកខ្លាំង​ណាស់​ក្នុងការ​និយាយ​អ៊ីចឹង។ អ្នកគ្រូរបស់ខ្ញុំបានទៅកាន់ធ្នើរមួយក្នុងបណ្ណាល័យ ហើយទាញសៀវ​ភៅ មួយក្បាល​មក។ខ្ញុំមិន​ដែល​​​ឃើញអ្នកគ្រូវាយដំសិស្សណាទេ ប៉ុន្តែខ្ញុំខ្លាចគាត់ចាប់ផ្តើមវាជា​មួយខ្ញុំដោយ​យកសៀវភៅ​មក​វាយខ្ញុំ។

        «អ្នកគ្រូដឹងថាឯងចូលចិត្តសត្វចាប» គាត់និយាយដោយសម្លឹងមកខ្ញុំដែលដឹងខុស។ «នេះជា​សៀវភៅ​ណែនាំ​អំពីបក្សីដែល​​​​ឯងតែងតែស្វែងរក​វាជារបស់ឯងហើយ។ សាលលាយើងក៏ត្រូវ​នាំយក​សៀវ​ភៅ​ថ្មីមកជំនួសវិញដែរ។ សៀវភៅនេះជារង្វាន់សម្រាប់ឯង ហើយឯងក៏មិនបាន​ទទួល​ទណ្ឌ​កម្មអីដែរ ប៉ុន្តែឯងត្រូវចាំថា គ្រូមិនបានឲ្យវាសម្រាប់អ្វី​ដែលឯងធ្វើខុសនោះទេ តែគ្រូអោយវាសម្រាប់ពាក្យ​សច្ចៈរបស់ឯង»។

គំនិតពិចារណា

១.កំហុសគឺជាផ្នែកមួយនៃជីវិត កំហុសត្រូវបានបន្ទូរបន្ថយ​ ឬលើកលែងចំពោះអ្នកដឹង និងសារ​ភាព ហើយចំពោះអ្នកដែលធ្វើកំហុស ហើយដឹងកំហុស សារភាពកំហុស ព្រមទាំងចេះកែកំហុស​គេនឹ​ង​ទទួលបានរង្វាន់ពីកំហុស ត្រឡប់មកវិញ។ អ្នកដែលធ្វើកំហុស ដឹងកំហុស តែមិន​សារភាព​កំហុសទេ គឺនឹងទទួលទណ្ឌកម្មពីអ្នកដទៃ ឬពីច្បាប់ធម្មជាតិនៃអំពើខ្លួនឯង។

២.ចូរចាំថា បើអាចកុំធ្វើកំហុស តែបើវាជ្រុលហួសបានជាខុសទៅហើយ ត្រូវចេះរៀនសូត្រ​ពីកំហុស កំហុសគឺជាគ្រូបង្រៀនក៏កាចម្នាក់ ដែលតែងតែបង្ហាត់បង្រៀននូវ​មេរៀនឈឺចាប់ដល់មនុស្ស ហើយវានឹងធ្វើអោយមនុស្សចងចាំទុកក្នុងខួរក្បាលជានិច្ចមិនអាចបំភ្លេចបានឡើយ ដូច្នេះកំហុស​អាចចាត់ទុកជាគ្រូដ៏កាច តែវាគឺជាគ្រូដ៏ខ្លាំងសម្រាប់សិស្សកំហូច សិស្សរឹងរូស សិស្សព្រហើន សិស្ស​ក្បាលរឹង ព្រោះកំហុសនឹងដាក់ទណ្ឌកម្មលើពួកគេយ៉ាងខ្លាំង។

៣.មនុស្សអាចនឹងធ្វើកំហុសច្រើនរាប់មិនអស់ក្នុងជីវិត តែមិនគួរធ្វើកំហុសដដែលៗនោះទេ យើង​គួរធ្វើកំហុសមុន ទើបចាត់ទុកថាជាអ្នកកែប្រែកំហុស។ អ្នកធ្វើកំហុសដដែលគឺជាមនុស្សល្ងង់ មនុស្សយ៉ាប់ មនុស្សប្រមាថ មនុស្សធ្វេសប្រហែស ឬជាមនុស្សក្បាលរឹងពិបាកកែប្រែលត់ដំ។

 

( ដកស្រង់ចេញពីសៀវភៅ រឿងនិទានមានប្រាជ្ញា ដោយលោក អួន សារ៉ាត់ )