( អប់រំ )​ ហេតុអីបានកម្មករម្នាក់ក្នុងចំណោមកម្មកររាប់រយនាក់ហ៊ាននទួលការងារនេះ ?

( ត្រៀមខ្លួនជាស្រេច ) ជីវិតកើតមកលើលោកនេះ តែងជួបប្រទះព្យុះភ្លៀងបក់បោកទៅមកចុះឡើងឥតឈប់ឈរ ហើយ​នរណា​ក៏ដឹប្រការនេះដែរ តែមនុស្សតិចណាស់ដែលបានត្រៀមខ្លួនសម្រាប់ព្យុះភ្លៀងទាំងនេះ។ ក្រៅពីនេះមនុស្សជាច្រើនបានត្រឹមតែដឹង ហើយរត់គេចមិហ៊ានប្រឈមបញ្ហាព្យុះភ្លៀងទាំងនោះ។

 

និទានៈនៅពេលខ្យល់បក់

ច្រើនឆ្នាំណាស់មកហើយ មានកសិករម្នាក់ជាម្ចាស់ដីតាមបណ្តោយឆ្នេរសមុទ្រអាត្លង់តិច។ ជានិច្ច​កាល គាត់បានប្រកាសជ្រើសរើសកម្មករខាងកសិកម្ម។ មនុស្សជាច្រើនមាន​ការស្ទាក់​ស្ទើរក្នុងការ​ធ្វើការងារក្នុងកសិដ្ឋានតាមបណ្តោយមហាសមុទ្រនេះ។ពួកគេភ័យខ្លាចព្យុះកំបុតត្បូងដែលបក់កាត់សមុទ្រ ដែលបង្ករភាពមហន្តរាយដល់អគារ និង ផលដំណាំផ្សេងៗ។ ពេលដែលកសិករសម្ភាសរកអ្នកធ្វើការ នៅកន្លែងនោះក៏មានការបដិសេធជាហូរហែ។

ចុងក្រោយ​មក មានបុរសម្នាក់ទាបហើយស្គមដែលមានវ័យពាក់កណ្តាលអាយុបានមកជួបកសិករនោះ។ កសិករសួរ«តើអ្នកជាកម្មករខាងកសិកម្មល្អឬអត់?» គាត់តបថា « មែនហើយ ខ្ញុំអាចដេកបាន​ពេល​មានខ្យល់បក់មក»។

ទោះបីមិនយល់នឹងចម្លើយនេះ ក៏បានកសិករនោះសម្រេចចិត្តជួលគាត់។ បុរសតូចនោះបាន​ធ្វើការយ៉ាង​ល្អជុំវិញកសិដ្ឋានពីព្រលឹមទល់ព្រលប់ ហើយកសិករនោះមានការពេញចិត្តលើការងាររបស់ បុរសទាបយ៉ាងខ្លាំង។ បន្ទាប់មកនៅយប់មួយនោះ មានសំឡេងខ្យល់បក់យ៉ាងខ្លាំងចេញពីក្នុងសមុទ្រ។ កសិករបានលោតចេញពីគ្រែ ហើយស្រវាគោមរួចប្រញាប់ចេញតាមទ្វារដែលបុរសទាបដេក។ គាត់ដាស់បុរសទាប ហើយស្រែក«ក្រោកឡើង! ព្យុះមកដល់ហើយឆាប់ចងរបស់របរឲ្យតឹង មុនពេលវាគួច​ទៅអស់!»។ បុរសតឿបានប្រែខ្លួនរួចនិយាយច្បាស់ៗថា«អត់ទេលោក! ខ្ញុំបានប្រាប់ហើយថា ខ្ញុំអាច​ដេក​បានទោះបីមានព្យុះក៏ដោយ»។ នៅពេលឮបែបនេះគាត់មានការខឹងសម្បារយ៉ាងខ្លាំង ហើយចង់​បញ្ឃប់​​ការងារបុរសទាបនោះភ្លាមៗតែម្តង។

ផ្ទុយទៅវិញ គាត់បានប្រញាប់រត់ទៅក្រៅដើម្បីរៀបចំមុនពេលព្យុះមកដល់ តែអ្វីដែលគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺពេលគាត់ឃើញថាគំនរស្មៅចំបើងគ្របដោយ សំពត់កៅស៊ូ គោនៅក្នុងក្រោល មាន់នៅក្នុងទ្រុង ហើយទ្វាររបងទាំងអស់ត្រូវបានបាំង។ គន្លឹះទ្វារបង្អួច បានបិទដោយមានសុវត្ថិភាព។ អ្វីៗគ្រប់យ៉ាងត្រូវបានចងដោយហ្មត់ចត់គ្មានអ្វីអាចបោកបក់ទៅបានឡើយ។ ក្រោយមកកសិករក៏បានយល់ពីសម្តីបុរសទាបនោះ ដូច្នេះហើយគាត់បានដើរទៅដេកវិញ។

 គំនិតពិចារណា

១.ខណៈដែលព្យុះកំពុងបោកបក់ នៅពេលដែលអ្នកបានរៀបចំផ្លូវចិត្ត គំនិត និងរូបរាកាយ នោះអ្នកនឹងគ្មានអ្វីដែលត្រូវខ្លាចទេ។ តើអ្នកអាចដេកបានទេនៅពេលដែលព្យុះបក់បោកជីវិតរបស់អ្នក? បុរសទាបក្នុងរឿងនេះគឺអាចដេកបាន ព្រោះបានរៀបចំ និង ត្រៀមខ្លួនទុកជាមុនព្រមទាំងបានរៀបចំ កិច្ចការទាំងឡាយក្នុងកសិដ្ឋានដើម្បីទប់ទល់នឹងព្យុះកំណាច។ កិច្ចការទាំងឡាយក្នុងកសិដ្ឋានប្រៀបបាន​កិច្ចការទាំងឡាយក្នុងជីវិតអ៊ីចេង បើយើងបានដឹងហើយត្រូវត្រៀមរៀបចំទុកដាក់ឲ្យស្រេចដើម្បីមាន ឱកាសដេកស្រួល។

២.នៅក្នុងជីវិតមនុស្សម្នាក់មានកិច្ចការខ្លះអាចជួលឲ្យធ្វើជំនួសបាន តែមានកិច្ចការខ្លះ​ទៀត​មិនអាច ជួលគេឲ្យមករ៉ាប់រងធ្វើជំនួសបានទេ ទោះជាមានប្រាក់ច្រើនយ៉ាងណា ក៏ដោយ។ ដូច្នេះហើយកើតមកជាសមនុស្សត្រូវតែរៀនសូត្រឲ្យមានជំនាញដោះស្រាយ ឬធ្វើកិច្ចការខ្លះៗ ក្នុងជីវិតផ្ទាល់ខ្លួន។ គ្មាននរណាម្នាក់អាចជួយយើងបានគ្រប់ពេលវេលានោះទេ ទោះគេជាឪពុកម្តាយ ប្តីប្រពន្ឋកូន ឬសាច់ញាតិរបស់យើងក៏ដោយ។

៣.មានមនុស្សជាច្រើនកំពុងតែដេកមិនលក់ បក់មិនល្ហើយ ព្រោះមានទុក្ខព្រួយក្នុងទ្រូងដូចកំពុងត្រូវភ្លើងឆេះ ឬព្យុះខ្យល់ភ្លៀងបក់បោកសើមទទឹកញ័រទទ្រើកក្តៅផង រងាផង ឈឺផ្សារផង ចុកចាប់ផង។ នេះហើយដែលយើងហៅថាជីវិត។ យើងអត់ត្រូវភ័យខ្លាចចំពោះវាទេ វាគឺជារឿងដែលជីវិតនឹងជួបប្រទះគ្រប់គ្នា យើងត្រូវហ្វឹកហាត់ដោយត្រូវហ៊ានជួបប្រឈម នឹងបញ្ហាទាំងនេះតាំងពីតូចរៀងមកដើម្បីមានភាពស៊ាំ។

 

( ដកស្រង់ចេញពីសៀវភៅ រឿងនិទានមានប្រាជ្ញា ដោយលោក អួន សារ៉ាត់ )