កំហុសអ្នកណា? មនុស្សនឹងទទួលលទ្ឋផលពីរាល់អំពើរបស់ខ្លួន

នៅពេលដែលរីករាយ មនុស្សមិនដែលនឹកឃើញអរគុណព្រះទេ តែនៅពេលមានទុក្ខ ឬមាន​បញ្ហាដោះស្រាយ មិនចេញទើបស្វែងរកព្រះមកជួយ ហើយនៅពេលដែលព្រះមិនជួយ​តាំងបន្ទោសព្រះ ឬចោទព្រះថាដាក់ទោស។ លទ្ឋផលគ្រប់យ៉ាងដែលមនុស្ស​ទទួលបានមិនមែន​បានមកពី​ការ​​ប្រទាន ឬដាក់ទោសរបស់ព្រះទេ គឺបានមក ឬកើតឡើងពីអំពើរបស់មនុស្ស។ មនុស្សនឹង​ទទួល​លទ្ឋផលពីរាល់អំពើរបស់ខ្លួន។

 និទានៈហេតុអ្វីបានជាព្រះដាក់ទោសអ្នក?

 

លោកអសឺ អាស៊ី (Arthur Ashe) ជាកីឡាករតិន្នីស(Wimbledon) ដ៏ពូកែម្នាក់។ គាត់បាន​ស្លាប់ដោយសារជំងឺអេដស៍។ កាលពីគាត់នៅរស់ គាត់បានទទួលសំបុត្រមួយ ច្បាប់ពីប្រិយមិ​ត្ត​របស់​​គាត់ដោយសរសេរថា « ហេតុអ្វីបានជាព្រះដាក់ទោសអ្នកមានជំងឺដ៏​អាក្រក់បែបនេះ?»។ គាត់បានតបថា​«កាលពីមុនមានក្មេងប្រមាណ៥០លាននាក់ ចាប់ផ្តើមលេងតិន្នីស ៥ លាននាក់ រៀនលេងតិន្នីស ៥ សែននាក់ រៀនធ្វើជាអ្នកលេង អាជីព ៥ ម៉ឺននាក់ចូលប្រកួតជាជើងឯកអន្តរជាតិ ( Wimbledon) ៤ នាក់ចូលរួមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ២ នាក់មកដល់វគ្គផ្តាច់ព្រ័ត្រ នៅពេលខ្ញុំកាន់ពានរង្វាន់​ខ្ញុំមិន​ដែល​សួរព្រះជាម្ចាស់ជថា« ហេតុអ្វីបានជាខ្ញុំឈ្នះទៅវិញ?» ហើយថ្ងៃនេះខ្ញុំ​មានជំងឺខ្ញុំក៏មិនគួរ​សួរទ្រង់ថា « ហេតុអ្វីខ្ញុំឈឺ?» ចូរមានសេចក្តីអំណរដល់ព្រះ ៩៨% ចំពោះសេចក្តីល្អដែលកើតមាននៅ​ក្នុងជីវិត​របស់​អ្នក។

គំនិតពិចារណា

១.គ្មានព្រះឯណាមកដាក់ទោសលើមនុស្សទេ អ្វីដែលមនុស្សទទួលបាននៅពេលនេះ គឺជា​លទ្ឋ​ផល​នៃ​អំពើតាំងពីជាតិមុនៗ និង ក្នុងជាតិនេះគឺតាំងពីកើតមកដល់ពេលនេះ។ យើងនឹង​ទទួល​បាន​នូវអ្វី​ដែល​យើងបានធ្វើ​ប៉ុន្តែអ្វីដែលយើងបានធ្វើខ្លះយើងបានដឹង និង ខ្លះទៀតក៏មិន បានដឹង ។

 

( ដកស្រង់ចេញពីសៀវភៅ រឿងនិទានមានប្រាជ្ញា ដោយលោក អួន សារ៉ាត់ )