ក្រុមហ៊ុនពីរ គ្រោងបង្កើតសួនឧស្សាហកម្មកសិកម្មធំបំផុតរួមគ្នានៅកម្ពុជា

ខេត្តកណ្ដាល ៖ តំណាងអ្នកគ្រប់គ្រងក្រុមហ៊ុនហ្គោហុង នៃប្រទេសចិន បានថ្លែងឲ្យដឹងថា ដោយមានកិច្ចសហការយ៉ាងជិតស្និត ជាមួយក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ បច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះកំពុងលើកគម្រោងរបស់ខ្លួន បង្កើតសួនឧស្សាហកម្ម កសិកម្មដំណាំស្រូវធំបំផុតមួយនៅកម្ពុជា ដើម្បីផលិតស្រូវដែលមានគុណភាព តម្រូវទៅនឹងទីផ្សារនាំចេញទៅកាន់ប្រទេស ចិន ។
នេះជាការលើកឡើងរបស់លោក លី ផៃលីន នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកក្សេត្រសាស្រ្តក្រុមហ៊ុនហ្គោហុង នៃខេត្តក្វាងស៊ី ប្រទេសចិន បានថ្លែងលើកឡើងនៅក្នុងការចុះទស្សនៈកិច្ចនៅក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្ត កណ្តាល នៅថ្ងៃទី១៦ ខែកក្តដា ម្សិលមិញ ។

លោកបានថ្លែងបញ្ជាក់ថា ក្នុងការចាប់ផ្តើមដំបូងនៅកម្ពុជា ក្រុមហ៊ុនហ្គោហុងគឺជាអ្នកប្រមូល ទិញស្រូវ ដើម្បីនាំទៅលក់នៅទីផ្សារចិន តែសម្រាប់គោលការណ៍នេះមិនសូវទទួលបានជោគជ័យនោះឡើយ ។

ដូចនេះ ក្រុមហ៊ុនបានសម្រេចចិត្តរកទីតាំងណាមួយឲ្យបានជាក់លាក ដើម្បីផលិតស្រូវក្រអូបបែបធម្មជាតិដែលមានគុណភាព ខ្ពស់ជាពិសេសជាស្រូវដែល មានពូជសុទ្ធល្អ ដើម្បីជម្រុញការនាំចេញឲ្យកាន់តែប្រសើរ ដោយក្នុងនោះក្រុមហ៊ុនហ្គោហុងបានដើរសិក្សានៅក្នុងខេត្តដែល មានសក្តានុពលដំណាំស្រូវមួយចំនួន។ ប៉ុន្តែពុំមានគម្រោងណាមួយបានបង្ហាញពីភាពវិជ្ជមាន ល្អជាងក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍នេះឡើយ ក្នុងការផលិតស្រូវក្រអូបធម្មជាតិតម្រូវទីផ្សារនាំចេញទៅប្រទេសចិនបាន ។

លោក បានថ្លែងបញ្ចាក់បន្ថែមថា ក្រោយពីបានធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសគ្នាទៅវិញ ទៅមក បច្ចុប្បន្នក្រុមហ៊ុនទាំងពីរ កំពុងលើកគម្រោងរបស់ខ្លួនវដ៏ធំបំផុតមួយ ដើម្បីបង្កើតសួនឧស្សាហកម្មកសិកម្ម ដំណាំស្រូវនៅកម្ពុជា ជាទិសដៅស្វែងរកភាពជោគជ័យឲ្យកាន់តែល្អប្រសើរ ដែលជាផលប្រយោជន៍រួមរបស់ក្រុមហ៊ុន ទាំងពីរ ជាពិសេសការរផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរផងដែរ ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មដំណាំស្រូវនេះ លោក តាំង សុខឃី ជំនួយការក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងលើកឡើងថា មុននឹងក្រុមហ៊ុនហ្គោហុងនៃខេត្តក្វាងស៊ីប្រទេសចិន បានចាប់ដៃគូរជាមួយក្រុមហ៊ុនអេងឌីប៉ូអភិឌ្ឍ ក្រុមហ៊ុនមួយនេះបានដើរធ្វើការសិក្សាជាច្រើនឆ្នាំមកហើយ ទើបសម្រេចចិត្តថា មានតែក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍តែមួយគត់ដែល មាន សង្វាក់ផលិតកម្មស្រូវក្រអូបធម្មជាតិតម្រូវទៅនឹងទីផ្សារចិនបាន ព្រោះបច្ចុប្បន្នក្រុមហហ៊ុនអេងឌីអភិវឌ្ឍន៍កំពុងចាប់ផ្តើមនៅក្នុងគម្រោងទី២ មួយទៀត ដែលជាគម្រោងប្រកបដោយសក្តានុពល នៅក្នុងការផលិតកសិកម្មដំណាំស្រូវនេះ ។


លោក តាំង សុខឃី បានបញ្ជាក់បន្ថែមថា សម្រាប់គម្រោងជំហានទី២ ដែលកំពុងសហការមួយក្រុមហ៊ុនហ្គោហុង ដើម្បីផលិតស្រូវធម្មជាតិនេះ គឺចាប់ផ្តើមលិចចេញរូបរាងជាបណ្តើរៗហើយ នៅលើទំហំផ្ទៃដីប្រមាណជាង២ម៉ឺនហិកតា នៅក្នុងគម្រោងផលិតស្រូវក្រអូបធម្មជាតិ ដើម្បីនាំចេញទៅកាន់ទីផ្សារចិន ស្របតាមស្តង់ដារអន្តរជាតិមួយ ជាពិសេស ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលសម្ដេច តែងតែលើកទឹកចិត្តនិងគិតគូរខ្ពស់ក្នុងការជម្រុញនាំអង្ករចេញឲ្យបាន១លានតោនក្នុងមួយឆ្នាំៗ៕