ការសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកពាមល្វា សម្រេចបានប្រមាណ៨៥ភាគរយហើយ

កំពង់ស្ពឺ៖ក្រសួងធនធានទឹក និងឧត្ដុនិយម បានឲ្យដឹង ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០​១៧​នេះ ការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកពាមល្វា សម្រេចលទ្ធផល​បានប្រមា​ណ៨៥ភាគរយហើយ។

ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកពាមល្វា ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រ​សួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាង់សង់ឡើងវិញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖

ទី១.សាងសង់តួទំនប់ប្រវែង៣.០០០ម៉ែត្រ។

ទី២.សាងសង់សំណង់សិល្បការតូចធំសរុបចំនួន៤កន្លែង។

ទី៣.សាងសង់ផ្លូវចូលទំនប់១ខ្សែ ប្រវែង១.០០០ម៉ែត្រ។

ក្រោយពេលសាងសង់រួច តាមរយៈការស្រូបយកទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនៃជួរភ្នំឱរ៉ាល់ និងស្ទឺង​ឱ​រ៉ាល់ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកពាមល្វា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពដល់ស្រែវស្សា ចំនួន១.១៧៦ហិកតា ស្រែប្រាំង១១០ហិកតា ស្រែដើមរដូវ៥០ហិកតា និងដំណាំរួមផ្សំចំនួន​២០​ហិកតា។

ប្រព័ន្ធនេះ ក៏ដើរតួនាទីបង្វែរទឹកជំនន់​ដែលហូរចាក់ចូលស្ទឺងព្រែក​ត្នោតមួយផ្នែកទៅកាន់ស្ទឺង​ក្រាំង​ពន្លៃ ក្នុងខេត្តកំពង់ឆ្នាំង ផងដែរ ។ ឯតួទំនប់ ក៏នឹងក្លាយជាផ្លូវលំជនបទបម្រើឱ្យការធ្វើដំណើរ និង​ដឹក​ជញ្ជូនកសិផលនៅតំបន់នោះ៕

ដោយ៖ពៅ វីរៈ