ពិធីចុះហត្ថលេខាជាផ្លូវការស្តីពី ភាពជាដៃគូរវាងក្រុមហ៊ុនHERBALIFEកម្ពុជា និងសហព័ន្ធខ្មែរកីឡាហែលទឹក

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក(ស.ខ.ហ) បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាជាផ្លូវការស្តីពី ភាពជាដៃគូរវាងក្រុមហ៊ុនHERBALIFEកម្ពុជា និងសហព័ន្ធខ្មែរកីឡាហែលទឹក ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឈុន ណៃឈីវ នាយកចាត់ការទូទៅនៃក្រុមហ៊ុនHERBALIFEកម្ពុជា លោកTod Gimbel អនុប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនងកិច្ចការរដ្ឋបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក កីឡាករកីឡាការនីហែលទឹក និងភ្ញៀវជាតិអន្តរជាតិជាច្រើនរូបទៀត។

ពិធីចុះហត្ថលេខាជាផ្លូវការនេះធ្វើឡើងដើម្បីផ្តល់អាហារបំប៉នជារៀងរាល់ថ្ងៃដល់ក្រុមកីឡាករហែលទឹកកម្ពុជាចំនួន៣០រូប និងគ្រូបង្វឹកចំនួនបួនរូប ក្នុងរយៈពេលពេញមួយឆ្នាំក្នុងគោលបំណងដើម្បីឱ្យកីឡាករហែលទឹកកម្ពុជាមានកម្លាំងកាយមាំមួន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ ដើម្បីទទួលបានជ័យលាភីជូនប្រទេសជាតិយើងក្នុងការប្រកួត។

នាឪកាសនោះឯកឧត្តមប្រធានសហព័ន្ធ បានជំរុញលើកទឹកចិត្តសមាជិក និងអគ្គលេខាធិការដ្ឋានសហព័ន្ធ ធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល ទំនុកបំរុង និងលើកទឹកចិត្តកីឡាករ កីឡាការិនីទាំងអស់ ដើម្បីអោយពួកគាត់មានសមត្ថភាព និងកាយសម្បទាមាំមួន និងសុខភាពល្អ សំដៅយកជ័យជំនះរាល់ការប្រកួត នៅលើឆាកអន្តរជាតិជូនប្រទេសជាតិ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃអាហារដែលត្រូវទទួលទានរបស់កីឡាករហែលទឹកដើម្បីអាចទទួលបានជ័យជំនះក្នុងការប្រកួត លើសពីនេះទៀតឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ យើងមិនអាចដណ្តើមមេដៃជូនប្រទេសជាតិយើងបានទេ បើសិនជាយើងគ្មានកម្លាំងកាយមាំមួនក្នុងការហ្វឹកហាត់ឱ្យមានគ្រប់គ្រាន់មុនពេលចូលរួមប្រកួតទេនោះ។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនHERBALIFEកម្ពុជា ដែលបានចូលរួមឧបត្ថម្ភអាហារបំប៉នដល់ក្រុមកីឡាករកីឡាការីហែលទឹកកម្ពុជា ក៏ដូចជាការគាំទ្រដល់វិស័យកីឡាកម្ពុជាផងដែរ ហើយសង្ឃឹមថាការឧបត្ថម្ភនេះនឹងពង្រីកដល់ក្រុមកីឡាករកីឡាការិនី របស់សហព័ន្ធខ្មែរកីឡាហែលទឹកទាំងអស់នៅថ្ងៃខាងមុខផងដែរ៕