ទំនងពេក ! ឃើញគេទុកម៉ូតូមានសោរស្រាប់ លួចជិះបានប៉ុន្មានម៉ែត្រគេចាប់បានវ៉ៃជិតងាប់

ខេត្តកណ្តាល ៖ យុវជនម្នាក់បានក្លាយជាចោរ ដោយសារឪកាសផ្តល់អោយល្អពេក ព្រោះឃើញ គេទុក ម៉ូតូ មុខផ្ទះមានសោរជាប់ស្រាប់ ក៏សម្រេចចិត្តលួចជិះចេញមិនបានប៉ុន្មានម៉ែត្រផង ត្រូវគេចាប់ បានវ៉ៃជិតស្លាប់ ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៨.៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះ ជនរង គ្រោះ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនល្មើស(ឃាត់ខ្លួន) ឈ្មោះ ពូល វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលសង្កាត់វាលវង់ រាជធានីភ្នំពេញ។  រីឯជនរងគ្រោះ ឈ្មោះ យ៉ាន់ សុខខេម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាម្ចាស់ម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1K-1770 (យកបានមកវិញ) ។

នគរបាលស្រុកអង្គស្នួលបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីទិញម្ហូប វិញ បានទុកម៉ូតូនៅមុខផ្ទះមិនបានដកកូនសោរចេញទេ រួចក៏យកម្ហូបទុក ហើយបានបោសសម្អាតក្នុងផ្ទះ ។ ពេលនោះជនល្មើសបានចូលមកលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញទាន់ ក៏រត់ដេញតាមស្រែកថា ៖ចោរៗ ឲ្យគេជួយ ហើយបានប្រជាពលរដ្ឋ ជួយយកគោយន្តកន្ត្រៃដាក់ស្ទាក់ផ្លូវ ទើបឃាត់ខ្លួនជនល្មើសបានភ្លាមៗ ហើយព្រួតគ្នាវាយ បណ្តាលឲ្យរងរបួសធ្ងន់ ។​

ក្រោយមកទើបកម្លាំងសមត្ថកិច្ច ចុះទៅដល់ នាំជនល្មើសមកមន្ទីរពេទ្យឯកជន ដើម្បីធ្វើការព្យាបាល រួចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ។
 

2016-12-22-PHOTO-00001943 2016-12-22-PHOTO-00001942

សូមរង់ចាំ ១០ វិនាទី