អ្នកប្រើប្រាស់គ្រឿងញៀនមានការកើនឡើង និងរីករាលពីទីក្រុងរហូតដល់ជនបទតំបន់ដាច់ស្រយាលមួយចំនួន

ភ្នំពេញះ តាមតួលេខនៃការធ្វើសម្រង់អ្នកញៀនគ្រឿងញៀនមានចំនួន១៨.៥៥៤នាក់ កើនឡើង៤.២៤២នាក់ ស្មើនឹង២៩,៦៣ភាគរយ ធៀបនឹងពេលមុន នេះបង្ហាញអោយឃើញថា ការប្រើប្រាស់គ្រឿងញៀន មានការកើន ឡើង និងមានការរីករាលដាលគួរឲ្យព្រួយបារម្ភពីទីក្រុងរហូតដល់ជនបទតំបន់ដាច់ស្រយាលមួយចំនួន។

នេះជាប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រឹក ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញធ្វើក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅ វិទ្យាស្ថាន ជាតិអប់រំ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធាន ដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

ឯកឧត្តមបានបន្តថា តាមការកត់សម្គាល់ឃើញថានិន្នាការចរាចរ និងជួញដូរគ្រឿងញៀន មិនមានការ ថយចុះនោះទេ ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ នគរបាល និងកងរាជអាវុធហត្ថបង្ក្រាបបាន៤.១៩១ករណី (បទល្មើសប្រើប្រាស់១.១១២ករណី), ចាប់ជនសង្ស័យសរុប៩.៨០២នាក់ (អ្នកប្រើប្រាស់ គ្រឿងញៀន ៣.៦១១នាក់) និងរឹបអូសគ្រឿងញៀនជាង១៧៥គីឡូក្រាម៧៩៦ក្រាម។

ឯកឧត្តមបន្តថា កម្ពុជារក្សាបានកិត្តិយសល្អថាជាប្រទេសមិនផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀន ប៉ុន្តែនៅមានសកម្មភាពលួច លាក់ចូលគ្រឿងញៀនពីក្រៅប្រទេសតាមច្រករបៀងព្រំដែនទិសឥ្ឍសានប្រទេស និងតាមជើងយន្តហោះ ជាពិសេសពីទ្វីបអាហ្វ្រិក និងអាមេរិក ខាងត្បូង ក្នុងគោលដៅដើម្បីបន្តនាំចេញ ទៅ ប្រទេស ទី៣ និងមួយចំនួន ទៀតសម្រាប់ទីផ្សារក្នុងប្រទេស។

សម្តេចក្រឡាហោម បានលើកឡើងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាបញ្ហាស្មុគស្មាញទាក់ទឹនដល់ច្រើន បញ្ហាមានលក្ខណៈបែបពហុវិស័យដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាពនៃសង្គមរួមទាំងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ វិស័យឯកជន ប្រជាពលរដ្ឋព្រមទាំង យន្តការ ក្នុង និងក្រៅប្រទេសផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ នឹងបើក យុទ្ធនាការ លើកទី១ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដើម្បីម្ចាស់ការការពារ និងលើកកម្ពស់ សុខុមាលភាព របស់ប្រជាពលរដ្ឋប្រឆាំងទប់ស្កាត់ចំពោះមហន្តរាយដែលបណ្តាលមកពីឥទ្ធិពលនៃគ្រឿងញៀនខុសច្បាប់សំដៅរក្សាការពាររឹងមាំនូវខឿនសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

 

IMG_4981 IMG_4982

សូមរង់ចាំ ១០ វិនាទី