អីក៏ល្អយ៉ាងនេះ! Hondaមកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនយកប្រាក់ខែ

ភ្នំពេញ៖អតីតកីឡាករ​ជម្រើស​ជាតិ​ជប៉ុន​លោកKeisuke Honda ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ប្រកាស​តែងតាំង ​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជាជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហានេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានី​ភ្នំពេញ។

ការប្រកាសតែងតាំងលោកKeisuke Honda អោយក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជានេះ ធ្វើឡើងក្រោម​អធិបតីភាព​លោកនាយកឧត្ដមសេនីយ៍សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមានការចូលរួមពីមន្រ្ដីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

កីឡាករKeisuke Honda មកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដោយស្ម័គ្រចិត្ត ដោយមិនត្រូវការប្រាក់កម្រៃនោះឡើយ។

សូមជម្រាប ថា កីឡាករKeisuke Honda  មានអាយុ​៣២​ឆ្នាំ ជាខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ឆ្នើម​​នៃក្រុម​កីឡា​បាល់ទាត់ជម្រើស​ជាតិ​ជប៉ុន ដែល​ទើប​តែ​ចុះហត្ថលេខា​លេងឲ្យ​ក្លិប Melbourne Victory របស់អូស្ត្រាលី កា​លពីពេលកន្លងទៅនេះ។ ក្នុងនោះបើគិត​ចាប់តាំងពី​ឆ្នាំ​២០០៨ មក​ Honda លេងឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រមាណ​៩០​ប្រកួត និងមានវត្តមាន​នៅ​World Cup ៣លើកជាប់ៗ ពោលគឺ​ឆ្នាំ​២០១០ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៨៕