ដូចទំនងណាស់ សៀតកាំភ្លើងផងកាំបិតស្នៀតផង តាមពិតជួញដូរថ្នាំញៀនសោះ

បន្ទាយមានជ័យ ៖ ជនសង្ស័យពាក់ព័ន្ធករណីជួញដូរថ្នាំញៀនចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ដកហូតថ្នាំញៀនច្រើនសន្ធឹកសន្ធាប់ និងកាំភ្លើងខ្លីទំនើប២ដើម រួមជាមួយវត្ថុតាងជាច្រើនទៀត ។ 

សមត្ថកិច្ចឱ្យដឹងថា ថ្ងៃទី១៧  ខែកញ្ញា  ឆ្នាំ២០១៨ នៅវេលាម៉ោង ១៥និង៥២នាទី យោងតាមសំណើលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ ដឹកនាំសហការ និងសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្នើសុំកិច្ចសហការរវាងកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន  ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ   

បានបើកកិច្ចសហប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់  នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ  រួមមាន ៖ ១.ឈ្មោះ ឃីម ចំរើនកូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ  ទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ២.ឈ្មោះ ជួប ដាវីន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ និង៣.ឈ្មោះ ចាន់ ម៉ន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ  ទីលំនៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ដកហូតសម្ភារៈរួមមាន ៖ អាវុធខ្លី ចំនួន ០១ដើម ម៉ាក CPZ-10C លេខ C423986 ពណ៌ខ្មៅ បិតស្កុត ពណ៌ត្រេអ៊ី មានបង់ចំនួន ០១ និងគ្រាប់ចំនួន ១៥ គ្រាប់  ~ អាវុធខ្លី ចំនួន ០១ដើម ម៉ាក BERETTA លេខ PZ27666 ពណ៌ខ្មៅ មានបង់ ចំនួន ០១ និងគ្រាប់ចំនួន ១២ គ្រាប់  -រថយន្តចំនួន ០១គ្រឿង ម៉ាក MAZDA ស៊េរីឆ្នាំ២០១៨ ពណ៌ស បិតស្កុតពណ៌ខ្មៅ គ្មានស្លាកលេខ  -កាំបិតស្នៀតចំនួន ០១ ដើម រួមនិងសម្ភារៈជាច្រើនទៀត ។

ករណីនេះ ជនសង្ស័យ និងសម្ភារៈដកហូតមួយចំនួន  ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ  រៀបចំបែបបទលិខិតស្នាម ប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕