សម្ដេចតេជោហ៊ុន សែន អបអរសារទរកីឡាប៉េតង់កម្ពុជា ឈ្នះមេដាយមាសពិភពលោក នៅបារាំង

(ដោយ៖វីរៈ ៩០)

ភ្នំពេញ៖សម្ដេចតេជោហ៊ុន​ សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសម្ដែងការអបអរសាទរ ដល់កីឡាការនីប៉េតង់កម្ពុជា២រូប ដែលឈ្នះ​មេ​ដា​យ​មាសពិភពលោក នៅប្រទេសបារាំង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។ សម្ដេចតេជោហ៊ុន សែន បានសរសេរនៅលើ​ទំព័រហ្វេស​ប៊ុក ថា កម្ពុជារីករាយអបអរសាទរចំពោះវីរកីឡាការិនីកែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួលបានមេដាយមាស ១គ្រឿង នៅក្នុងការប្រកួត​កីឡាប៉េតង់ជ្រើសរើសជើងឯកកម្រិតពិភពលោកនៅប្រទេសបារាំង។

វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសខាងលើលើវិញ្ញាសាវាយគូរនារី ២នាក់ទល់នឹង ២នាក់ ហើយនេះគឺជា​វិញ្ញា​សាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរទើបបានបញ្ចប់ការប្រកួត ខណៈសល់ ២វិញ្ញាសាទៀត ដែលត្រូវបន្ដ​ប្រកួតនៅថ្ងៃ​បន្ទាប់ គឺវិញ្ញាសារ ៣នាក់ ទល់នឹង ៣នាក់ និង វិញ្ញាសាឯកត្តជន។ សូមបញ្ជាក់ផងដែរ ថា វីរកីឡាការិនីខាងលើ​ក៏ធ្លាប់ទទួលបាន​មេដាយ​មាសកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ នៅប្រទេសម៉ាឡេស៊ីផងដែរ៕