កក្រើកមហាជនអ្នកស្នេហាវិស័យប្រដាល់ ក្នុងព្រឹត្តិការណ៍ Khmer Fight នៅពហុកីឡាដ្ឋាមរតក តេជោ

( ដោយ ៖ ប៉ូច គឹមសុខ )

ភ្នំពេញ ៖ ការរៀបចំព្រឹត្តិការណ៍ Khmer Fight នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោក ដោយស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ទទួលបានកិត្តិយសយ៉ាងខ្លាំង ជាពិសេសក្នុងថ្ងៃឆ្លងឆ្នាំកាលពីថ្ងៃទី៣១ ធ្នូ កន្លងទៅថ្មីៗនេះ ដែលមានអ្នកទស្សនាយ៉ាងកកកុញ នៅពហុកីឡាដ្ឋាមរតក តេជោ។

ដោយសារតែជំនួបរវាងកីឡាករកម្ពុជាកម្រិតA និងកីឡាករបរទេសច្រើនគូ កាលពីយប់ ថ្ងៃទី៣១ធ្នូ សុទ្ធតែធ្វើរន្ថើនអ្នកគាំទ្រនៅបរិវេណការប្រកួត។ មិនត្រឹមតែប្រកួតគ្នា យកប្រាក់រង្វាន់ ដែលមានតម្លៃខ្លួនខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានមេដាយ កិត្តិយសម្នាក់មួយ មិនថាអ្នកចាញ់ ឬអ្នកឈ្នះនោះដែរ។

លោក សេង កដិកា អ្នករៀបចំការប្រកួត បានគូសបញ្ជាក់ពីជោគជ័យ ក្រោយបញ្ចប់ការ ប្រកួតទាំង៤ថ្ងៃកន្លងទៅនេះថា នេះជាព្រឹត្តិការណ៍លើកដំបូងដែលប៉ុស្ដិ៍លេខ៥ទទួល សិទ្ធិរៀបចំ ដោយការប្រកួតទាំងមូល គឺមានលក្ខណៈដូចគ្នានឹងព្រឹត្តិការណ៍ Thai Fight ដែលថៃធ្វើឡើង ដើម្បីផ្សព្វផ្សាយក្បាច់គុនរបស់ខ្លួនដូចគ្នា ។

លោកថាកីឡាករបរទេសខ្លាំងៗ ត្រូវបានអញ្ជើញមកពីប្រទេសចំនួន១៤ប្រទេស ដោយ ព្រឹត្តិការណ៍នេះដ្បិតថាទើបតែបានបង្ហាះខ្លួនជាលើកដំបូង ប៉ុន្តែកក្រើកមិនចាញ់ ព្រឹត្តការណ៍ Thai Fight ដែលល្បីជាយូរនោះមកឡើយ។ ព្រឹត្តិការណ៍ត្រូវបាន គេវាយតម្លៃថា ផ្ទុះកក្រើកក្នុងស្រទាប់មហាជនអ្នកស្នេហាវិស័យប្រដាល់ តាំងពីថ្ងៃ បើកឆាកថ្ងៃទី២៨ ធ្នូ និងកាន់តែកក្រើក ហើយទទួលបានការចាប់អារម្មណ៍ទ្វេរដង នៅថ្ងៃបញ្ចប់នៅនៅថ្ងៃទី ៣១ ធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំ។

ព្រឹត្តិការណ៍នេះនឹងបន្តបង្ហាញខ្លួនជាលើកទី២ក្នុងពេលឆាប់ៗ ដោយគ្រោងនឹងរៀបចំ នៅតាមបណ្ដាខេត្ត ហើយបន្ទាប់មកក៏នឹងរៀបចំ នៅក្រៅប្រទេសដូចគ្នា នឹងព្រឹត្តិការណ៍Thai Fight ៕