ឯកឧត្ដមវេង សាខុន ចុះពិនិត្យ​កសិ​ដ្ឋាន ចិញ្ចឹមក្រពើរបស់លោកខូយ ឈី​ន នៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹក​ថ្ងៃទី​២៧ ខែមករានេះ បានអញ្ជើញពិនិត្យកសិដ្ឋាន ចិញ្ចឹមក្រពើរបស់លោកខូយ ឈីន ដែលមាន​ទីតាំងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

មកទល់បច្ចុប្បន្ន កសិដ្ឋានបានដំណើរការមកជាង២០ឆ្នាំហើយ សព្វថ្ងៃកសិដ្ឋានមានមេ-បា ចំនួន​១២០០ ក្បាល និងជំទង់ចំនួន ៣២០០ក្បាល ចិញ្ចឹមលើផ្ទៃដី ១៦០០០ម៉ែត្រការ៉េ ដោយ​បែងចែកជាអាងមេ-បា ពូជ កូន និងក្រពើជំទង់។ ទីផ្សារបច្ចុប្បន្នកូនក្រពើ ១ក្បាលថ្លៃ១៥​-២០​ដុល្លារ ចិញ្ចឹមបានអាយុ ៣ឆ្នាំតម្លៃ ៥-៦ដុល្លារ/kg ហើយជាបច្ចេកទេសក្រពើមានអាយុ ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អត្រូវតាមស្តង់ដារទីផ្សារនាំចេញ។

លោក ខូយ ឈីន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ទីផ្សារកូនក្រពើគឺប្រទេសវៀតណាម និង​ថៃ ហើយបច្ចុប្បន្នកម្ពុជាបាននាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ ដោយឡែក​កសិ​ដ្ឋាននេះអាចនាំចេញបាន ១-១,៥ ម៉ឺនក្បាល។ ជាមធ្យមក្នុង ១ឆ្នាំកសិដ្ឋាន​អាចរកបាន​ចំណូល​ពី១៥-២០ ម៉ឺនដុល្លារ ។

បន្ទាប់ពីបានពិនិត្យកសិដ្ឋានរួចហើយ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យកសិ​ដ្ឋានសហការ​ជាមួយ​រដ្ឋបាលជលផលដើម្បីអនុវត្តការងារបច្ចេកទេសបន្ថែម ច្បាប់ ការងារសាយតេស្ត និងទីផ្សារ​ធ្វើ​យ៉ាង​ណាជំរុញទីផ្សារក្រពើកម្ពុជា ដែលមានសក្តារនុពល ខាងសេដ្ឋកិច្ចឱ្យបានទូលំទូលាយ ពិសេសទីផ្សារចិន។

ម៉្យាងវិញទៀត គួរខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពទាំងការងារផលិតកម្ម និងកែច្នៃ ប្រសើរ​ជាង​នាំចេញកូន និងមេ-បាពូជ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារជូនដល់ពលរដ្ឋនៅមូលដ្ឋាន ហើយគួរសិក្សាពីលទ្ធភាពចិញ្ចឹមបង្កងដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារខេត្តសៀមរាប៕