ចិននិងរុស្ស៊ីចេញមុខដឹកនាំមតិជំទាស់អាមេរិក ទាក់ទងនឹងវិបត្ដិ នៅវេណេហ្ស៊ូអេឡា

( ដោយ ៖ ណារី ) 

បរទេស ៖ កិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហ ប្រជាជាតិ ស្ដីពីវិបត្ដិនយោបាយក្នុងប្រទេសវេណេហ្ស៊ូអេឡា ដែលប្រព្រឹត្ដទៅកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពុំទទួលបានលទ្ធផលអ្វីគួរឲ្យកត់សម្គាល់ទេ។ គ្មានលទ្ធផលដោយសារតែសមាជិកក្រុមប្រឹក្សា មិនឯកភាពគ្នាលើករណីនេះ។ 

ក្នុងកិច្ចប្រជុំដែលស្នើឡើងដោយអាមេរិក ប្រធានក្រុមប្រឹក្សាបាននិយាយថា ការបោះឆ្នោតកាលពីខែឧសភាឆ្នាំមុន ដែលលោក Nicolas Maduroទទួលជោគជ័យនោះ ធ្វើឲ្យស្ថានភាពនយោបាយនៅវេណេហ្ស៊ូអេឡាកាន់តែយ៉ាប់យ៉ឺនជាងមុន។ ចំពោះគណបក្សប្រឆាំងវិញ មិនបានទទួលស្គាល់លទ្ធផលនេះឡើយ។

សហរដ្ឋអាមេរិកនិងប្រទេសនៅអឺរ៉ុប បានអំពាវនាវឲ្យមានការបោះឆ្នោតជាថ្មី ប្រកបដោយភាពយុត្ដិធម៌ត្រឹមត្រូវ។ រដ្ឋមន្ដ្រីការបរទេសអាមេរិក ក៏បានរិះគន់រដ្ឋាភិបាល លោកMaduroថា មិនអាចគ្រប់គ្រងស្ថានការណ៍បាន ហើយថែមទាំងប្រព្រឹត្ដអំពើហិង្សាលើប្រជាជនថែមទៀត។ ដូច្នេះប្រទេសនានានៅលើឆាកអន្ដរជាតិ គួរតែគាំទ្រលោកJuan Guaidoមេបក្សប្រឆាំង ជាប្រធានាធិបតីវិញ។ 

ប៉ុន្ដែសម្រាប់ប្រទេសរុស្ស៊ីនិងចិន បានឯកភាពជាមួយប្រទេសអាហ្វ្រិកខាងត្បូង និងឥណ្ឌូនេស៊ីថា រឿងវេណេហ្ស៊ូអេឡាមិនបានគំរាមកំហែង ដល់សហគមន៍អន្ដរជាតិឡើយ ។ គួរតែអនុញ្ញាតឲ្យលោកMaduro ចរចាជាមួយភាគីពាក់ព័ន្ធដោយសន្ដិភាព។ ប្រទេសទាំងនេះសង្កត់ធ្ងន់ថា ការជ្រៀតជ្រែកពីខាងក្រៅមិនគួរកើតមានឡើងទេ ហើយត្រូវតែចៀសវាងដាច់ខាត។ សម្រាប់រដ្ឋមន្ដ្រីការបរទេសវេណេហ្ស៊ូអេឡាលើកឡើងថា ការចរចានៅតែមានជានិច្ច ប៉ុន្ដែក៏មិនឯកភាព ឲ្យមានការលូកដៃពីខាងក្រៅដែរ។

សូមរម្លឹកថា ស្ថានភាពនយោបាយនៅវេណេហ្ស៊ូអេឡាតានតឹងកាន់តែខ្លាំង បន្ទាប់ពីមានប្រជាជនរាប់ពាន់នាក់ នាំគ្នាតវ៉ាតាមដងផ្លូវ ប្រឆាំងនឹងលោកប្រធានាធិបតីNicolas Maduro និងបន្ទាប់ពីលោកJuan Guaido ប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីបណ្ដោះអាសន្ន នៅចំពោះមុខអ្នកគាំទ្រ។ ការតវ៉ាបានឈានដល់ហិង្សា បណ្ដាលឲ្យមនុស្សស្លាប់ជាង២០នាក់ និងចាប់ខ្លួនជាច្រើននាក់ទៀត៕