សាស្ដ្រាចារ្យមួយរូបនៅអាមេរិក ត្រូវដកហូតតំណែងនាយកកម្មវិធីភ្លាមៗ ករណីហាមមិនឲ្យនិស្សិតនិយាយភាសាចិន

( ដោយ ៖ ណារី ) 

បរទេស ៖ សាស្ដ្រាចារ្យមួយរូបនៅសាកលវិទ្យាល័យDuke ស្ថិតក្នុងរដ្ឋ North Carolinaសហរដ្ឋអាមេរិក ត្រូវបានដកចេញពីមុខតំណែង នាយកកម្មវិធីបញ្ចប់ការសិក្សា មួយភ្លាមៗ ដោយសារតែការផ្ញើអ៊ីមែល ទៅឲ្យនិស្សិតរបស់ខ្លួន ហាមប្រាម មិនឲ្យនិយាយភាសាចិន។ 

អ្នកស្រី Megan Neely ជាសាស្ដ្រាចារ្យជំនួយនៅសាកលវិទ្យាល័យDuke បាននិយាយក្នុងអ៊ីមែលផ្ញើទៅកាន់និស្សិតថា សមាជិកមហាវិទ្យាល័យផ្នែកជីវចម្រុះចំនួនពីររូប បានត្អូញត្អែប្រាប់អ្នកស្រីពីនិស្សិតដែលនិយាយភាសាចិន នៅកន្លែងសាធារណៈនៃនយកដ្ឋាននេះ។

អ្នកស្រីថា ការមិននិយាយភាសាអង់គ្លេស អាចនាំឲ្យមានផលវិបាកដោយប្រការណាមួយសម្រាប់និស្សិតអន្ដរជាតិ។ ភ្លាមៗអ៊ីមែលរបស់អ្នកស្រីក៏បានបែកធ្លាយលើបណ្ដាញTwitter និងបណ្ដាញសង្គមរបស់ចិន។ មនុស្សជាច្រើន បានរិះគន់អ្នកស្រីNeelyថា អ្នកស្រីមានចេតនាប្រកាន់ពូជសាសន៍ និងបង្កជាក្ដីព្រួយបារម្ភផងដែរថា សមាជិកមហាវិទ្យាល័យ មានគំនិតរើសអើងជាតិសាសន៍ ប្រឆាំងនិស្សិតអន្ដរជាតិ។ ខាងមហាវិទ្យាល័យផ្នែកវេជ្ជសាស្ដ្រនៃសាកលវិទ្យាល័យDukeសន្យាថា នឹងពិនិត្យមើលករណីនេះឡើងវិញ។

គួរជម្រាបជូនថា បើទោះបីជាមានការរិះគន់អ្នកស្រីNeely ក៏ដោយ មាននិស្សិតមួយចំនួនបញ្ជាក់ថា ពួកគេគាំទ្រអ្នកស្រី ហើយអះអាងថា អ្នកស្រីគ្មានគំនិតរើសអើងជាតិសាសន៍ឡើយ ៕