អាមេរិកប្ដេជ្ញានឹងជំរុញឲ្យដកទ័ពអន្ដរជាតិចេញពីអាហ្វហ្គានីស្ថានដើម្បីបញ្ចប់សង្គ្រាមជាង១៧ឆ្នាំ

(ដោយ៖ណារី)
មន្ដ្រីជាន់ខ្ពស់របស់អាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនប្ដេជ្ញានឹងជំរុញឲ្យមានការដកទ័ពបរទេសចេញពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបញ្ចប់សង្គ្រាមជាង១៧ឆ្នាំកន្លងមកនេះ។ មន្ដ្រីអាមេរិកលើកឡើងដូច្នេះកាលពីថ្ងៃចន្ទ គឺ៦ថ្ងៃបន្ទាប់ពីអាមេរិកបើកកិច្ចចរចាសន្ដិភាពជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់។ លោកបន្ដថាក្នុងកិច្ចពិភាក្សានៅក្នុងប្រទេសកាតាកាលពីសប្ដាហ៍មុន ដំណើរការបានយ៉ាងល្អទាក់ទងនឹងការជំរុញឲ្យដកទ័ពបរទេសចេញពីអាហ្វហ្គានីស្ថាន។ ប៉ុន្ដែយ៉ាងណាមិញត្រូវមានការចរចាបន្ថែមទៀត ទាក់ទងនឹងបទឈប់បាញ់ក៏ដូចជាការកំណត់ពេលវេលានៃបទឈប់បាញ់នេះ។
មន្ដ្រីអាមេរិកដដែលសង្កត់ធ្ងន់ថា លោកមិនចង់ឲ្យកងទ័ពបរទេសបន្ដស្នាក់នៅជាអចិន្ដ្រៃយ៍ក្នុងប្រទេសអាហ្វហ្គានីស្ថានទៀតឡើយ។ គោលបំណងរបស់អាមេរិកគឺនាំយកសន្ដិភាពសម្រាប់អាហ្វហ្គានីស្ថាន និងចង់ក្លាយជាដៃគូមិត្ដភាពនាថ្ងៃអនាគត ចង់ឲ្យមានរដ្ឋាភិបាលសន្ដិភាពពេញលេញ។ លោកពិតជាចង់ឲ្យបន្សល់ទុកនូវរឿងដ៏ល្អមួយសម្រាប់អាហ្វហ្គានីស្ថាន។
សូមបញ្ជាក់ថា បច្ចុប្បន្នអាមេរិកបានដាក់កងទ័ពចំនួន១៤,០០០នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាផ្នែកមួយនៃការបំពេញបេសកកម្មប្រឆាំងភេរវកម្ម ដឹកនាំដោយអង្គការណាតូ។ គោលដៅធំបំផុតគឺកម្ទេចក្រុមរដ្ឋអ៊ីស្លាមនិងក្រុមអាល់កៃដា។ ក្រៅពីទ័ពអាមេរិកមានទ័ពប្រមាណ៨ពាន់នាក់ផ្សេងទៀតមកពី៣៨ប្រទេស ក៏បានចូលរួមក្នុងប្រតិបត្ដិការរបស់អង្គការណាតូដូចគ្នា៕