មេដឹកនាំបក្សប្រឆាំងវេណេហ្ស៊ូអេឡាអំពាវនាវឲ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលតទៅទៀត

(ដោយ៖ ណារី)

លោកJuan Guaido មេដឹកនាំបក្សប្រឆាំងវេណេហ្ស៊ូអេឡា ដែលបានប្រកាសខ្លួនឯងថាជានាយករដ្ឋមន្ដ្រីបណ្ដោះអាសន្ន កាលពីថ្ងៃចន្ទម្សិលមិញបានអំពាវនាវឲ្យមានការប្រមូលផ្ដុំតវ៉ាតាមដងផ្លូវជាថ្មី ដើម្បីដាក់សម្ពាធលើលោកប្រធានាធិបតីNicolas Maduro។ បណ្ដាប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះមានមហាអំណាចអាមេរិកផង បានគាំទ្រលោកGuaidoជាប្រធានាធិបតីបណ្ដោះអាសន្នវេណេហ្ស៊ូអេឡា។
ប៉ុន្ដែលោកMaduroនិយាយថា អាមេរិកកំពុងជំរុញឲ្យមានរដ្ឋប្រហារប្រឆាំងលោកហើយ។ លោកមិនខ្លាចការគំរាមកំហែងនិងការដាក់សម្ពាធរបស់អាមេរិកដាច់ខាត លោកនឹងបន្ដតួនាទីជាមេដឹកនាំវេណេហ្ស៊ូអេឡាដដែល ដោយមានការគាំទ្រពីរុស្ស៊ីនិងចិន។ លោកក៏ត្រៀមខ្លួនរួចជាស្រេច ប្រយុទ្ធប្រឆាំងកិច្ចខិតខំប្រឹងប្រែងឲ្យរំលាយរដ្ឋាភិបាលរបស់លោក តាមរយៈការសម្រេចចិត្ដរបស់អង្គការសហប្រជាជាតិ។
សម្រាប់លោកGuaidoនិយាយថា អ្នកគាំទ្រគណបក្សប្រឆាំងគួរតែនាំគ្នាតវ៉ាតាមដងផ្លូវបន្ដទៀតនៅថ្ងៃពុធ ដើម្បីប្រឆាំងរដ្ឋាភិបាលលោកMaduro និងស្នើឲ្យមានការលើកលែងទោសដល់យោធា ប្រសិនបើពួកគេឈប់គាំទ្ររដ្ឋាភិបាលលោកMaduro ហើយងាកមកគាំទ្របក្សប្រឆាំងវិញ។ លោកសង្កត់ធ្ងន់ថា ត្រូវតែមានការរួបរួមគ្នាធ្វើសកម្មភាពប្រឆាំងទូទាំងប្រទេស ទាមទារឲ្យមានការផ្លាស់ប្ដូរ។ ពេលនេះប្រជាជនកំពុងធ្វើបានល្អណាស់ ដូច្នេះគួរបន្ដចលនាទៅមុខ៕