រដ្ឋមន្ដ្រីថៃបួនរូបចុះចេញពីតំណែង ដើម្បីដឹកនាំគណបក្សប្រជែង ក្នុងការបោះឆ្នោត

( ដោយ ៖ ណារី ) 

បរទេស ៖ ការបោះឆ្នោតសកលជាលើកដំបូងនៅប្រទេសថៃ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ បានកំណត់នឹងរៀបចំឡើងនៅថ្ងៃទី២៤ខែមីនាខាងមុខ។ ខណៈការបោះឆ្នោតជិតចូលមកដល់ មានរដ្ឋមន្ដ្រីចំនួនបួនរូបបានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ក្នុងគោលបំណងរក្សាអំណាច ឲ្យនៅក្រោមការគ្រប់គ្រង របស់យោធាដដែល។ 

កាលពីឆ្នាំមុន រដ្ឋមន្ដ្រីទាំងនេះបានបង្កើតគណបក្សមួយមានឈ្មោះ Palang Pracharath ប៉ុន្ដែគណបក្សប្រឆាំងនិយាយថា ពួកគេកំពុងប្រើប្រាស់មូលនិធិរបស់រដ្ឋាភិបាល បង្កើនប្រជាប្រិយភាពផ្ទាល់ខ្លួន។

រដ្ឋមន្ដ្រីឧស្សាហកម្មថៃនិយាយថា ពួកគេបានសន្យានិងបានបង្ហាញការប្ដេជ្ញាពេញលេញចំពោះគណបក្ស ដើម្បីរៀបចំខ្លួនចូលរួមការបោះឆ្នោតនៅពេលខាងមុខ។ រដ្ឋមន្ដ្រីទាំងបួនក៏បានទទួលតំណែងកំពូលនៅក្នុងបក្សរួចហើយដែរ។ ពួកគេស្នើថា ពួកគេនឹងតែងតាំងលោក Prayut Chan-o-cha នាយករដ្ឋមន្ដ្រីក្នុងរបបយោធាបច្ចុប្បន្ន ជានាយករដ្ឋមន្ដ្រីថ្មីក្រោយការបោះឆ្នោត។

 លោក Prayut បានដឹកនាំប្រទេសថៃ តាំងពីរដ្ឋប្រហារឆ្នាំ២០១៤។ ស្របពេលជាមួយគ្នា គណបក្សនយោបាយដែលគាំទ្រអតីតនាយករដ្ឋមន្ដ្រីថៃ លោកThaksin Shinawatra កំពុងប្រឆាំងនឹងចលនារបស់យោធា។ ពួកគេមានបំណងចង់ក្លាយជាកម្លាំងដ៏ធំបំផុតមួយនៅសភាជាន់ទាបឬរដ្ឋសភា។ ការបោះឆ្នោតនៅខែមីនា ត្រូវបានគេមើលឃើញថា ជាជំហានសំខាន់ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យវិញសម្រាប់ប្រទេសថៃ៕