កម្ពុជា-វៀតណាម ដាក់ចេញយន្តការ ដោះស្រាយបញ្ហា តម្លៃស្រូវរបស់​កម្ពុជា​៦ចំណុច

(ដោយ៖ឃួន សុភ័ក្រ)​

ភ្នំពេញ៖ឯកឧត្តមវេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមករានេះ បានដឹកនាំកិច្ច​ប្រជុំ​ពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវ ពីកសិករកម្ពុជាក្នុងពេលបច្ចុប្បន្ន។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមថ្នាក់ទឹកនាំក្រសួង លោកឧកញ៉ា លោកអគ្គនាយកធនាគារ AGRI BANK តំណាងក្រុមហ៊ុន ដែលធ្វើអាជីវកម្មស្រូវ-​អង្ករវៀត​ណាម មន្ត្រីស្ថានទូត និងមន្រ្តីជំនាញក្រោមឳវាទមួយចំនួនទៀត។ គោលបំណងនៃកិច្ចប្រជុំ​ពិភាក្សានេះគឺទី១-ធ្វើការពិនិត្យ និងវាយតម្លៃជារួម លើស្ថានភាពតម្លៃស្រូវក្នុងពេលបច្ចុប្បន្ន និងទី២-រួមគ្នាដោះស្រាយ និងដាក់ចេញនូវយន្តការនៃការប្រមូល​ទិញស្រូវ-អង្ករពីកម្ពុជាឱ្យ​បានសមស្រប​ទៅនឹងតម្លៃលើទីផ្សារនៅប្រទេសវៀតណាម។

បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក កិច្ចប្រជុំបានដាក់ចេញនូវយន្តកា​រ​ដោះស្រាយនូវបញ្ហាតម្លៃស្រូវ ក្នុងេយៈពេលខ្លី មធ្យម និងវែងដូចខាងក្រោម៖

១- ភាគីវៀតណាមនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយពាណិជ្ជករវៀតណាម បន្ទាប់មកនឹងធ្វើរ​បាយការណ៍លម្អិតជូននាយករដ្ឋមន្រ្តីវៀតណាមដើម្បីជំរុញឱ្យពាណិជ្ជករវៀត ណាមជួយប្រមូល​ទិញស្រូវពីកម្ពុជាក្នុងតម្លៃសមរម្យ។

២- ធនាគារ AGRI BANK នឹងពិនិត្យលទ្ធភាពនិងធ្វើការ​សម្រួលបែបបទផ្សេងៗ​ដើម្បីផ្តល់​កម្ចី​ឥណទានដល់ពាណិជ្ជករវៀតណាមសម្រាប់ជាទុនប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលនេះ ព្រម​ទាំងគាំទ្រដល់ការផ្តល់ឥណទានដល់ពាណិជ្ជករ   កម្ពុជាដែលខ្វះទុន​ក្នុងការប្រមូល​ទិញកសិ​ផល។

៣- ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកការអនុវត្តផលិតកម្មក​សិកម្ម តាមកិច្ចសន្យាឱ្យ​បានទូលំ​ទូលាយ និងមានប្រសិទ្ធភាពដើម្បីរក្សានិរន្តរភាពនៃភាពជាដៃគូរវាងអ្នកផលិត និងអ្នកទិញ។

៤- ភាគីទាំងពីរបានឯកភាពគ្នាថានឹងសហការគ្នាដោះ ស្រាយ បញ្ហាប្រឈម ដែលមានឱ្យ​បាន​ទាន់ពេលវេលា និងមានប្រសិទ្ធភាពទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

៥-ទូរទស្សន៍វៀតណាមនឹងចុះទៅកន្លែងប្រមូលផលធ្វើការផ្សព្វផ្សាយពីវិធានការ នៃប្រជុំនេះ​ជូន​ដល់ពាណិជ្ជករវៀតណាមឱ្យជួយទិញស្រូវក្នុងតម្លៃ សមរម្យ។

៦- ភាគីវៀតណាមបាន​បញ្ជាក់ជូន​ថានឹងជំរុញឱ្យមានការចុះអនុស្សរណ​នៃការយោគយល់គ្នា​ស្តីពីការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើផលិតផលថ្នាំជក់ និងស្រូវ-អង្ករ​ដោយអត្រាពន្ធសូន្យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕