របាយការណ៍UN៖វិបត្ដិនយោបាយនៅវេណេហ្ស៊ូអេឡាបណ្ដាលឲ្យមនុស្សស្លាប់៤០នាក់ចាប់ខ្លួន៨៥០នាក់

(ដោយ៖ណារី)
បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិបានឲ្យដឹងថា ការតវ៉ាតាមដងផ្លូវនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា ចាប់ផ្ដើមតាំងពីថ្ងៃទី២១មករាមកនោះ បណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ៤០នាក់ហើយ។ ក្រៅពីនេះប៉ូលិសបានចាប់ខ្លួនអ្នកតវ៉ាប្រមាណ៨៥០នាក់ផងដែរ។ ប្រជាជនវេណេហ្ស៊ូអេឡារាប់ពាន់នាក់ បាននាំគ្នាប្រមូលផ្ដុំតវ៉ាតាមដងផ្លូវ ប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន ហើយទាមទារឲ្យលោកប្រធានាធិបតីNicolas Maduro ចុះចេញពីតំណែង។
ក្រុមបាតុករចូលរួមតវ៉ាក្រោមការអំពាវនាវនិងដឹកនាំ ដោយមេបក្សប្រឆាំងលោកJuan Guaido។ លោកបានប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីវេណេហ្ស៊ូអេឡាបណ្ដោះអាសន្នផងដែរ។ ក្រុមបក្សប្រឆាំងទាមទារឲ្យប្រធានាធិបតីMaduroចុះចេញពីតំណែង ដោយសារតែលោកMaduroដឹកនាំប្រទេសបរាជ័យ ធ្វើឲ្យខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ បង្កគ្រោះមហន្ដរាយដល់ប្រទេសជាតិ។ ប៉ុន្ដែសម្រាប់លោកMaduroមិនព្រមចុះចេញទៅណាឡើយ ហើយលោកប្រឆាំងដាច់ខាតនឹងក្រុមបាតុករប្រឆាំង ជាហេតុធ្វើឲ្យវិបត្ដិផ្ទុះឡើងកាន់តែខ្លាំង។
ដោយឡែកក្រៅពីការចាប់ខ្លួនក្រុមអ្នកតវ៉ា អាជ្ញាធរវេណេហ្ស៊ូអេឡាបានចាប់ខ្លួនអ្នកកាសែតបរទេសចំនួន៥នាក់ផងដែរ។ ក្នុងនោះមានពីរនាក់មកពីប្រទេសបារាំង ពីរនាក់មកពីកូឡុំប៊ី និងម្នាក់មកពីអេស្ប៉ាញ ត្រូវបានចាប់ខ្លួនពេលចុះយកព័ត៌មាន។ អាជ្ញាធរវេណេហ្ស៊ូអេឡាមិនបានបង្ហាញព័ត៌មានលម្អិតជុំវិញករណីនេះទេ គ្រាន់តែថាពួកគេចុះធ្វើការនៅតំបន់ការពារសន្ដិសុខ ជាកន្លែងហាមឃាត់៕