ពលរដ្ឋរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរទទូចសុំក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៣ឆ្ពោះទៅខេត្តកំពត មេត្តាស្រោចទឹកផង ហុយមហាហុយ

កំពត ៖ កំណាត់ផ្លូវជាតិលេខ៣ ជាច្រើនគីឡូម៉ែត្រ ដែលតភ្ជាប់ក្នុងទឹកដីខេត្តកំពត បានរងការខូចខាតទាំងស្រុង និងកំពុងស្ថាបនាឡើងវិញ ដោយជំនាញវិស្វកម្មរបសក្រុមហ៊ុនឯកជន ។

ស្ថិតក្នុងអំឡុងកំពុងស្ថាបនា កំណាត់ផ្លូវនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន អមសងខាងផ្លូវ និងអ្នកធ្វើដំណើរ ដោយសារតែស្ថានភាពហុយធុលីខ្លាំងពេក ។

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ពលរដ្ឋស្រុកទឹកឈូ  ខេត្តកំពតបានសំណូមពរ ដល់ក្រុមហ៊ុន មេត្តាជួយសម្រួលបាញ់ទឹក ចាប់ពីយាយម៉ៅ ដល់ទីរួមខេត្តផង  ហ៊ុយណាស់  ប្រជាពលរដ្ឋនឹងកើតរបេងជាក់ជាមិនខានទេ  មេត្តាជួយបាញ់ទឹក ព្រឹក ថ្ងៃត្រង់ ល្ងាច  ផង ។ 

សូមជម្រាបថា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក បានជម្រុញឱ្យក្រុមហ៊ុនចិន ដែលសិទ្ធិវិនិយោគផ្លូវជាតិលេខ៣ ចាប់ពីក្រុងកំពត រហូតដល់ផ្លូវជាតិលេខ៤១ ( រូបសំណាកយាយម៉ៅ ) ស្ថាបនាឱ្យបានរួចរាល់ មុនឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខ ៕