សហព័ន្ធ៖ក្រសួងមិនបានស្នើសុំប្រាក់រង្វាន់ លើកទឹកចិត្តពិសេស ជូនកីឡា​ករសំបូរ សុភ័ណ្ឌឡើយ

(ដោយ៖ឃួន សុភ័ក្រ)

ភ្នំពេញ៖សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ បាន​សេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ ថា ក្រសួងអប់រំ យុវជន និងកីឡា មិនបានស្នើសុំ​ប្រាក់រង្វាន់ លើកទឹកចិត្តពិ​សេ​ស ជូនកីឡាករសំបូរ សុភ័ណ្ឌឡើយ ដូច្នេះកីឡាកររូបនេះ ទទួល​បាន​ប្រាក់រង្វាន់ត្រឹ​ម​តែ២០លានរៀលតែប៉ុណ្ណោះ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹង ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ សូម​ជំរាប​ដំណឹងជូនសាធារណៈជន ឲ្យបានជ្រាប ថា ចំពោះបាតុភាពដែលបានកើតឡើង ក្នុង​ពេល​បច្ចុប្បន្នតាមបណ្តាញសង្គមហ្វេសប៊ុក ដោយសារមានការភាន់ច្រឡំ ចំពោះប្រាក់រង្វាន់​លើកទឹក​ចិត្ត ដល់កីឡាករ ដែលក្រសួងអនុម័តផ្តល់ក្នុងពេលថ្មីៗនេះ កម្រិតមេដាយមាស​ពិភពលោក​មានចំនួនត្រឹមតែ២០លានរៀលតែប៉ុណ្ណោះ។

សហព័ន្ធបានរំលឹកថា នាពេលកន្លងមកនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ កីឡាករកាយវប្បកម្ម​របស់​យើងបានទទួលប្រាក់លើកទឹក ក្នុងលក្ខខ័ណ្ឌពិសេសពីលើកពីរាជរដ្ឋាភិបាល ក្នុងនោះមេ​ដាយមាសពិភពលោកទទួលបានចំនួន១២០លានរៀល ដោយឡែកសំរាប់ឆ្នាំ២០១៨នេះ កីឡា​ករ​សំបូរ សុភ័ណ្ឌ បានទទួលមេដាយមាស ពីកម្មវិធីប្រកួតជ្រើសរើស ជើងឯកកីឡាកាយវប្បកម្ម​ពិភពលោកលើកទី១០ នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ។

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានបញ្ជាក់ ថា”ក្រសួងមិន​បានស្នើសុំប្រាក់​រង្វា​ន់​លើកទឹកចិត្តពិសេស យោងតាមអនុក្រឹតលេខ៥៣២ អនក្រ.បក ចុះថ្ងៃទី២៥ វិច្ឆិកា ២០១៣​ទៀតទេ ដូចនេះកីឡាករ ត្រូវទទួលបានប្រាក់លើកទឹក តាមសេចក្តីប្រកាសអន្តរក្រសួង លេខ៧​១៦ សហវ.ប្រក ចុះថ្ងៃទី៧ កក្កដា ២០១៥។ សារជាថ្មីម្តងទៀត ក្រសួងមិនបានកាត់យក​ប្រាក់​រង្វាន់នោះឡើយ ដោយសារយើងមិនធ្លាប់ដឹងពីសេចក្តីប្រកាសអន្តរក្រសួង កាលពីលើកមុនមក ដូចនេះទើបធ្វើឲ្យយើងមានការភាន់ច្រឡំ”៕