ឃាត់រថយន្តដឹកជ្រូក១០៤ក្បាល ពី​វៀតណាម១គ្រឿង ដោយសារគ្មាន​លិខិតអនុញ្ញាត

ត្បូងឃ្មុំ៖ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួល​បន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនា​យកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុ​ព្យា​បាល នៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ  បានឃាត់រថយន្ត១គ្រឿងដឹកសត្វជ្រូករស់ចំនួន១០៤ក្បាល ចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត ឬឯកសារអ្វី​ទាំង​អស់។

ការឃាត់រថយន្តដឹកជ្រូក គ្មានលិខិតអនុញ្ញាតនេះ បានធ្វើឡើងនៅត្រង់ចំណុចភូមិស្រែខ្សាច់ ឃុំ​សេដា ស្រុកតំបែរខេត្តត្បូងឃ្មុំ ហើយក្រុមការងារបានប្រគល់វត្ថុតាងបទល្មើសទាំងនោះ ជូនទៅ​ការិ​យាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ត្បូងឃ្មុំ ដើម្បីអនុវត្តតាម​នីតិវិធី​ច្បាប់៕