ឯកឧត្ដមពេជ្រ ស្រស់ នឹងសួររដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌៥សំណួរ ក្នុងកិច្ចប្រជុំ​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់​យោ​ប​ល់

(ដោយ៖ឃួន សុភ័ក្រ)

ភ្នំពេញ៖ឯកឧត្ដមពេជ្រ ស្រស់ ប្រធានប្រតិភូបក្សយុវជនកម្ពុជា ក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់យោបល់ បានឲ្យដឹង ថា ឯកឧត្ដមបានត្រៀមសំណួរចំនួន៥ ដើម្បីសួរឯកឧត្ដមអង្គ វង្សវឌ្ឍ​នា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ឯកឧត្ដមពេជ្រ​ ស្រស់ បានសរសេរនៅលើហ្វេសប៊ុក ថា នៅព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១៩នេះ ខ្ញុំពេ​ជ្រ ស្រស់ បាននឹងកំពុងជួបប្រជុំពិភាក្សា ជាមួយប្រតិភូ ដែលមកពីក្រសួងយុត្តិធម៌ ដឹកនាំ​ដោយឯកឧត្តមអង្គ វង្សវឌ្ឍនារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីជជែក អំពីការអនុវត្តច្បាប់​ក្នុងប្រ​ទេ​ស​កម្ពុជា ក្នុងកិច្ចធានាឲ្យមានយុត្តិធម៌  ក្នុងកិច្ចប្រជុំនេះដែរខ្ញុំក៏ បានលើកជា​សំនួរមាន៥សំនួរ​តទៅ៖សំនួររបស់ខ្ញុំទៅកាន់ឯកឧត្តមរដ្ឋមន្រ្តីអង្គ វង្សវឌ្ឍនា

១. តើក្រសួងមានយន្តការអ្វីខ្លះ ដើម្បីបញ្ចប់អំពើនិទណ្ឌ  ភាពនៅក្នុងប្រទេសកម្ពុជា ?

២.តើឯកឧត្តមរដ្ឋមន្រ្តីនឹងមានវិធានការបែបណា ដើម្បីបញ្ចប់ពាក្យថា ៖ អ្នក​មានលុយ​តែង​តែ​ឈ្នះក្តី រីឯអ្នក ក្រតែងតែចាញ់ក្តី ? ឬក៏អ្នកក្រគ្មានលុយជួលមេធាវីល្អការពារក្តី ?  បើដូច្នោះមែន តើច្បាប់មានអំណាច ជាងមេធាវីឬមេធាវីមានអំណាចជាងច្បាប់ ?

៣.តើក្រសួងយុត្តិធម៌មានចំណាត់ការបែបណា ដើម្បីទប់ស្កាត់កុំឲ្យចៅក្រម ព្រះរាជ្ញា និង ក្រលាបញ្ជី ប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នតុលាការ ?

៤.តើឯកឧត្តមរដ្ឋមន្រ្តីមានវិធានការបែបណា ដើម្បីលុបបំបាត់ការឃុំខ្លួន​ជនត្រូវចោទ​ហួស​រយៈពេល ដែលច្បាប់បានកំណត់ដោយបទមជ្ឈិម គឺរយៈពេល៤ខែ និងទោសឧក្រឹត៦ខែ? ហើយការឃុំខ្លួនហួសរយៈពេលកំណត់នេះ តើចៅក្រមស៊ើបសួរដែលបញ្ជាឲ្យ ឃុំខ្លួន​ជនត្រូវ​ច្បាប់រូបនោះនឹងមានទោសដែរឬទេ ?

៥.តើឯកឧត្តមរដ្ឋមន្រ្តីមានវិធានការបែបណា  ដើម្បីឲ្យស្ថាប័ន​តុលាការអនុវត្តការងារឲ្យសកម្ម និង ប្រសិទ្ធភាព?ពីព្រោះថាបច្ចុប្បន្ននេះតាមសង្កេតមើលទៅ គឺឃើញ​នូវការពន្លឿន​រឿង​ក្តី​រហូត​ដល់នាយករដ្ឋមន្រ្តី ស្នើដល់ស្ថាប័នតុលាការពន្លឿនការកាត់ក្តីឲ្យឆាប់ ។

ឯកឧត្ដមពេជ្រ ស្រស់ បានបញ្ជាក់ ថា”ចំពោះ៥សំនួរខាងលើនេះ គឺជាបញ្ហាកំពុងប្រឈមនៅ​ក្នុង​ពេលបច្ចុប្បន្ននេះ ពីព្រោះថាបើស្ថាប័នយុត្តិធម៌ មិនមាននូវប្រសិទ្ធភាពហើយនោះ គឺអំពើអ​យុត្តិ​ធម៌នឹងកើតមានច្រើននៅក្នុងសង្គមមនុស្ស”៕