ឯកឧត្ដមសុខ ឥសាន៖ជនល្មើសជា​សមាជិក របស់គណបក្សណាក៏ដោយ ឲ្យតែបានប្រព្រឹត្តល្មើសច្បាប់ ត្រូវតែ​ទទួលខុសត្រូវចំពោះមុខច្បាប់

ភ្នំពេញ៖ឯកឧត្ដមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា ជន​ល្មើស​ជាសមាជិក របស់គណបក្សណាក៏ដោយ គឺឲ្យតែបានប្រព្រឹត្តល្មើសច្បាប់ ត្រូវតែទទួល​ខុស​ត្រូវចំពោះមុខច្បាប់។ ការលើកឡើងនេះ បន្ទាប់ពីមានការឃាត់ខ្លួន និងឃុំខ្លួនលោកផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកល្បីឈ្មោះ និងជាសកម្មជនគណបក្សប្រជាជនកម្ពុជា ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ដែលជាប់ពាក់ព័ន្ធ នឹងបទចោទប្រកាន់ចំនួន២បទល្មើសគឺ”​ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ”។

ឯកឧត្ដមសុខ ឥសាន អ្នកនាំពាកក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងក្នុងគ្រុបតេលេក្រាម ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប​ មានសិទ្ធិការពារខ្លួនដោយច្បាប់។ នៅពេលមានការបំពារបំពាន​លើកិត្តិយស​សេចក្តីថ្លៃថ្នូរប្ញរូបកាយរបស់ខ្លួន ពីសំណាក់បុគ្គលណាម្នាក់​សាម៉ីជន មានសិទ្ធិ​ប្តឹងទៅតុលាការដើម្បីឲ្យតុលាការរកយុត្តិធម៌ឲ្យខ្លួនបាន​។

​ឯកឧត្ដមសុខ ឥសាន បានលើកឡើង ថា”ក្នុងការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ​ មិនចំពោះ​តែ​ជនល្មើសជាសមាជិករបស់គណបក្សណាទេ​ គឺឲ្យតែបានប្រព្រឹត្តល្មើសច្បាប់​ អ្នកនោះត្រូវតែ​ទទួលខុសត្រូវចំពោះមុខច្បាប់ និងត្រូវទទួលរងនូវពាក្យ បណ្តឹងពីជនរងគ្រោះតាមផ្លូវច្បាប់​”។

​អ្នកនាំពាក្យបក្សកាន់អំណាច បានបញ្ជាក់ ថា”ដូច្នេះ​នៅពេលកើតរឿងហើយ​ ស្នើកុំយក​គណ​ប​ក្សមកនិយាយ​។ ច្បាប់មិនយកគណបក្សមកនិយាយទេ ​គឺនិយាយតែចំពោះបុគ្គល ដែលល្មើស​ច្បាប់ប៉ុណ្ណោះ​ “៕