ឯកឧត្ដមសាយ សំអាល់ ជួបប្រជុំជា​មួ​យ​ក្រុមការងារលើកដំបូង បន្ទាប់ពី​ទទួ​ល​​​តំណែង​ជាប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ

ព្រះសីហនុ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងារថ្នាក់ ជាតិ​ចុះ​មូលដ្ឋានខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ នៅ​ថ្ងៃទី៨ ខែមេសាម្សិលមិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារថ្នាក់ ជាតិចុះមូល​ដ្ឋានខេត្តព្រះសីហនុ និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ បន្ទាប់ពីមាន ការ​ផ្លាស់​ប្តូរប្រធានក្រុមការងារថ្នាក់ជាតិកាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្ត្រី​បានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរដើម្បីទាញយកផលនៃការអភិវឌ្ឍ ក្នុងគោលដៅដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ បង្កើតការងារធ្វើ សម្រា​ប់ពលរដ្ឋកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលជីវភាពរបស់ប្រជាជន និងធានានូវ ការអ​ភិវឌ្ឍ​ប្រកបដោយនិរន្តរភាព។

ឯកឧត្តម សាយ សំអាល់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានគោល​ដៅប្រែក្លាយខេត្តព្រះ​សី​ហនុជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបាន គូស​បញ្ជាក់នៅចំពោះមុខក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់មូលដ្ឋានទាំងអស់ថា កិច្ចការអា​ទិភាព​ចំនួន ៤ ក្នុងចំណោមការងារជាច្រើនដែលក្រុមការងារត្រូវដោះស្រាយឱ្យបានគឺ ទី១) ការ​ពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុទាំងមូលដោយសហការគ្នារវាងអាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច និងក្រុមការងារឱ្យបានល្អ។ ទី២) ការពារឱ្យបាននូវបរិយា​កាសសុខ​សុវត្ថិ​ភាពសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ព្រមទាំងវិនិយោគិន។ ទី៣) ការគ្រប់គ្រង​ការងារ​សំណង់ដែលជាគម្រោងសាងសង់ថ្មីៗត្រូវមានការគ្រប់គ្រងឱ្យបានល្អ កាត់បន្ថយការបំពុលខ្យល់ និងទី៤) ការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម ឱ្យបានល្អដើម្បីធ្វើឱ្យខេត្តព្រះ​សីហនុមានសោ​ភ័ណ​ភាព មានអនាម័យបរិស្ថានល្អស្អាត និងពលរដ្ឋរស់នៅប្រកបដោយផាសុកភាព និងកាន់​តែ​មានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាន​ខេត្ត​ព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ បានគូសបញ្ជាក់​យ៉ាង​មុតមាំថាខេត្តព្រះសីហនុត្រូវ បញ្ចប់ជម្លោះដីធ្លីដែលរ៉ាំរ៉ៃជាយូរមកហើយឱ្យបានទាំងស្រុង។ ឯកឧត្តមថ្លែងថា៖ «មិនត្រូវឱ្យកើតឡើងនូវជម្លោះថ្មីៗទៀតឡើយ និងត្រូវខិតខំប្រឹងប្រែងដោះ​ស្រាយជម្លោះដីធ្លីចាស់ឱ្យបានបញ្ចប់ទាំងស្រុង»។ ឯកឧត្តមបានគូសបញ្ជាក់ថា​ការដោះស្រាយ​ជ​ម្លោះដីធ្លីត្រូវធ្វើឡើងតាមរយៈការចរចា តាមផ្លូវតុលាការ ឬតាមរយៈការចុះបញ្ជីដីធ្លីរ​បស់រដ្ឋឱ្យ​បានសព្វគ្រប់។ ប្រធានក្រុមការងារ ថ្នាក់ជាតិក៏បានព្រមានផងដែរដល់ជ​នខិលខូចទាំងឡាយដែ​លមានការជាប់ពាក់ព័ន្ធនឹងការ រំលោភបំពានទន្ទ្រានកាន់កា​ប់ដីរដ្ឋដោយខុសច្បាប់ត្រូវបញ្ឈ​ប់ជា​បន្ទាន់ និងលើកឡើងថាគ្មាន ជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូចបានឡើយ។ ឯកឧត្តមបន្ត​ថា​ប្រសិនបើជនណានៅតែបំពានច្បាប់ នោះនឹងមិនមានការលើកលែងឡើយ វិធានការ​ច្បាប់ដ៏​តឹងរឹងនឹងត្រូវអនុវត្ត។

ទាក់ទងនឹងបញ្ហាទឹកសាបសម្រាប់ប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ បាន​លើកឡើងថាត្រូវតែរក្សាប្រភពទឹកសាប ​នៅក្នុងតំបន់នានាក្នុងខេត្តព្រះសីហនុ​ដើម្បីរក្សាឱ្យ​បានគង់វង្សនូវប្រភពទឹកសម្រាប់ប្រើប្រាស់ឱ្យបានយូរអង្វែង ក៏ដូចជាការផលិតទឹក និងការចែ​ក​ចាយ​ទឹក ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនិងអាជីវកម្មនានានៅក្នុងខេត្តព្រៃសីហនុនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារ ក៏បានថ្លែងថា ករណីដូចគ្នានេះ ក៏ត្រូវអនុវត្តផងដែរចំពោះ​ការគ្រប់គ្រងចរន្តអគ្គិសនី ក៏ដូចជាប្រព័ន្ធលូ និងការគ្រប់គ្រងសំណល់រឹងសំរាម។ ដើម្បីគ្រប់​គ្រង​អ​នាម័យបរិស្ថានខេត្តព្រះសីហនុឱ្យបានល្អស្អាត ឯកឧត្តមរដ្ឋមន្ត្រីបាន ស្នើឱ្យគ្រប់ស្ថាប័ន​ពាក់​ព័ន្ធរួមនឹងបងប្អូនប្រជាពលរដ្ឋ រួមនឹងម្ចាស់អាជីវកម្ម ទីកន្លែងកម្សាន្ត នានានៅក្នុងក្រុងព្រះ​សីហ​នុ​រួមសហការសម្អាតអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្ត្រីក៏​បាន​ជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម និងអាជ្ញាធររួមសហការគ្នា ប្រមូលសំរាមឱ្យបានទាន់​ពេល​វេលា និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម សាយ សំអាល់ លើកឡើងថាគម្រោងការស្តារប្រព័ន្ធលូ បង្ហូរទឹកឱ្យបានទៀងទាត់ ក៏​ដូច​ជាការគ្រប់គ្រងសំណល់រាវឱ្យបានល្អ និងត្រូវមាន ការរៀបចំក្រុងឱ្យបានល្អ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារបានជំរុញឱ្យ អាជ្ញាធរខេត្តព្រះសីហនុ គ្រប់លំដាក់ថ្នាក់បន្តពង្រឹង​ប្រសិ​ទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ ប្រជាពលរដ្ឋ និងឆ្លើយតបនឹង​បំណងដ៏ពិសិដ្ឋ​របស់​ប្រជាជន៕