មហាជន ៖ ឆ្លៀតផ្សាយយីហោស្រាបៀរអង្គរ ក្នុងកិច្ចសាសនា ?

កណ្ដាល ៖ អ្នកធ្វើដំណើរនៅតាមដងផ្លូវ បានឃើញព្រះសង្ឃរាប់រយអង្គ និមន្តក្រោមឆត្រដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាសញ្ញារបស់ស្រាបៀរអង្គរ បានសម្ដែងចិត្តងឿងឆ្ងល់គ្រប់ៗគ្នាថា នេះជាកិច្ចសាសនា ឬជាទីប្រគុំតម្រ្តីផ្សព្វផ្សាយស្រាបៀរ? 

រូបភាពជាច្រើនសន្លឹក បានថតនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ខណៈព្រះសង្ឃរាប់រយអង្គ និមន្តបិណ្ឌបាត នៅក្បែររង្វង់មូលតាខ្មៅ។ មហាជនបានសំណូមពរថា មិនគួរកិច្ចការសាសនាដ៏ធំបែបនេះ បែរជាត្រូវប្រើឆត្រស្រាបៀរ ហាក់បីដូចទីនៃការផ្សព្វផ្សាយគ្រឿងឧបាយមុខនោះទេ។ វាអាចជាគម្រូអាក្រក់ ដល់កម្មវិធីកិច្ចការសាសនានាពេលក្រោយៗទៀត ខណៈម្ចាស់ស្រាបៀរឆ្លៀតឧត្ថម្ភឆត្រ ដើម្បីផ្សាយយីហោរបស់ខ្លួន? ។ 

សូមជម្រាបថា យោងតាមកម្មវិធីនេះ ជាកម្មវិធីបុណ្យរំលឹកខួប១៥ឆ្នាំព្រះរូបតាខ្មៅ ស្ថិតនៅរង្វង់មូលព្រះរូបតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១១នេះ ជាពិធីរាប់បាត្រព្រះសង្ឃ១០៨អង្គ។ 

ទោះជាយ៉ាងណា មហាជនក៏ចង់ដឹងពីមូលហេតុ របស់អ្នករៀបចំកម្មវិធី នៃការប្រើឆត្រស្រាបៀរនេះថា តើក្នុងគោលបំណងអ្វី? បើពុំនោះទេ ពិធីកិច្ចការសាសនាធំៗផ្សេងៗទៀត អាចនឹងមានការឆ្លៀតឱកាសរបស់ក្រុមហ៊ុនស្រាបៀរ យកមកផ្សព្វផ្សាយយីហោរបស់ពួកគេបែបនេះទៀត ក៏អាចថាបាន៕