អ្នកនាំពាក្យCPP៖សេរីភាពសារព័ត៌មាននៅកម្ពុជា មានលក្ខណៈទូលំ​ទូលា​យ

ភ្នំពេញ៖ឯកឧត្ដមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(CPP) បានលើកឡើង ថា សេរីភា​ពសារព័ត៌មាននៅកម្ពុជា មានលក្ខណៈទូលំទូលាយ ខុសពីការចោទ​ប្រកាន់របស់មជ្ឈ​ដ្ឋា​នមួយចំនួន។  ការលើកឡើងរបស់អ្នកនាំពាក្យ បក្សកាន់អំណាចដូចនេះ បន្ទាប់ពីអង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) ​បានចេញផ្សាយ​​លទ្ធផល​សន្ទស្សន៍​ សេរីភាព​សារព័ត៌មាន​ពិភពលោក​ ដោ​យ​បង្ហាញ​ថា សេរីភាព​សារព័ត៌មាននៅ​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ។​ ​

ក្នុងរបាយការណ៍ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៨ ខែមេសា បានឲ្យដឹង ថា ប្រទេសកម្ពុជា​បាន​ ​ធ្លាក់​ចំណាត់​ថ្នាក់​មួយ​លេខ​ទៀត គឺ​ពី​លេខ១៤២ ទៅ​លេខ១៤៣ ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ២០១៩ របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ (Reporters Without Border)។ ចំណាត់​ថ្នាក់​នេះ​មានន័យ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោមប្រទេស​ ដែល​​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន។

យ៉ាងណាក៏ដោយ ឯកឧត្ដមសុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេលេក្រាម ថា ការដែល​មាន​ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទច្រើន​ បញ្ជាក់ថា មានការបើកសិទ្ធិសេរីភាព​ទូលំទូលាយខាងសារ​ព័ត៌មាន​ ដោ​យមិនប្រកាន់និន្នាកានយោបាយ ហើយការផ្សាយដែលអត់ មានការត្រួតពិនិត្យខ្លឹម​សារផ្សាយជាមុន គឺមានន័យថា រាជរដ្ឋាភិបាលកម្ពុជា ​អត់មានរិតត្បតិសិទ្ធិសេរីភាព ក្នុងការ​ផ្សា​យទេ​។ ឯកឧត្ដមសុខ ឥ​សា​ន ថា ចំណុច​ពិសេសទាំងពីរខាងលើនេះ បញ្ជាក់ពីសេរី​ភាពសារព័ត៌​មាននៅកម្ពុជា​មានលក្ខណៈទូលំទូលាយ។ ត្រង់អ្នកអគតិណានិយាយផ្ទុយ ពីបញ្ហាទំាងពីរ​ខាង​លើ​ស្រេចលើចិត្តគេចុះ​៕