ឯកឧត្ដមខៀវ កាញារីទ្ធ៖ប្រហែល​មា​ន​តែនៅស្រុកខ្មែរទេ ដែលស្ថានទូត​មួយបញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេសម្ចាស់ផ្ទះ

ភ្នំពេញ៖ឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើកឡើង ថា ប្រហែល​មានតែ​នៅ​ស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រ​ទេ​ស​ម្ចាស់​ផ្ទះ និងប្រទេសដែលខ្លួ នមានទំនាក់ទំនងស្ថានទូតជាមួយផង។  

ការលើកឡើងនេះបន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមេសាម្សិលមិញនេះ បានលើកឡើង ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ធំជាងគេ​របស់​ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរបន្ត ថា”ប្រហែល៨៧% នៃទំនិញដោះ​ដូរគ្នាគឺ​ជាទំនិ​ញ​នាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះ​គ្រាន់​តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋ​កិច្ចដែលមាន​តុល្យ​ភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមាន​​ការពឹងផ្អែក​ច្រើន​ទៅលើប្រទេសចិន”។

ឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរនៅលើហ្វេសប៊ុករបស់លោក នា​រសៀលថ្ងៃទី២០ ខែមេសានេះ ថា”ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយប​ញ្ចេញ​ដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយ​ទៀត​ដែល​ខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង”។

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរបន្ត ថា”អ្នក«វិភាគ»នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្ម​​ជា​មួយសហរដ្ឋអាមេរិកទេដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ«ភ្លេច» បង្ហាញរឿងមួយ​ដ៏​សំខាន់នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគចូល មកក្នុងប្រទេសកម្ពុជាវិញតើមានប៉ុន្មាន ? យើងមានតែចង់កសាងទំនាក់ទំនងល្អ ជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្ស​ខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ”៕