ឃ្លាំងស្តុកឈើមួយកន្លែងត្រូវ បានសមត្តកិច្ចចម្រុះចុះធ្វើការបង្រ្កាប

( ដោយ ៖ ចាប សំអាន)

ខេត្តរតនគិរី ៖ ឈើកកោះដែលមានមុខកាត់២៥ឃ្លុំ ប្រវែង១.២ម៉ែត្រ ជាង៣០០កំណាត់ ដែលត្រូវបានក្រុមឈ្មួញ ប្រមូលទិញពីក្រុមដឹកតាមម៉ូតូ មកស្តុកទុកក្នុងឃ្លាំងមួយកន្លែង ដោយខុសច្បាប់ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងជំនាញរដ្ឋបាលព្រៃឈើ កម្លាំងអធិការ កម្លាំងប៉ុស្តិ៍ ដែលដឹកនាំដោយ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការចុះបង្រ្កាប បានកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩។

ក្រោយហេតុការណ៍ចុះបង្ក្រាបនេះ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្រុងបានលុង បានលើកឡើងថា នេះជាករណីបង្រ្កាបជាទ្រង់ទ្រាយធំលើកទី១ហើយ ដែលក្រោយពីមានការស្ងប់ស្ងាត់អស់មួយរយៈកន្លងមកនេះ បែរជាមានមេឈ្មួញថ្លើមធំ ហ៊ានលួចលាក់ ប្រមូលទិញឈើ ដោយខុសច្បាប់យកមកស្តុកទុក ក្នុងឃ្លាំងខាងលើក្នុងគោលបំណង រង់ចាំឱកាសល្អដើម្បី ដឹកចេញយកទៅលក់បន្ត នៅប្រទេសវៀតណាម ។

ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា  មេឈ្មួញដែលហ៊ានប្រមូលទិញឈើប្រណិត ទាំងនោះអាងមានខ្នងបង្អែកនៅពីក្រោយខ្នង បានជាហ៊ានប្រមូលទិញឈើ យកមកលាក់ស្តុកទុកក្នុងឃ្លាំង នៅកណ្តាលក្រុងបានលុង បែរជាសមត្ថកិច្ចធ្វើមិនដឹង មិនលឺ ជាពិសេសនោះ គឺផ្នែករដ្ឋបាលព្រៃឈើ ដែលមានលោក ជា កុណារ៉ា ជានាយផ្នែកនិង សង្កាត់រដ្ឋបាលព្រៃឈើបានលុង គឺលោក លីសុផាន។ ក្នុងហេតុការណ៍បង្រ្កាបឈើដោយខុសច្បាប់នេះផងដែរ ត្រូវបានម្ចាស់ផ្ទះ ចាក់សោរផ្ទះ និងឃ្លាំងរត់គេចខ្លួន មុនពេលសមត្ថកិច្ចចុះមកដល់ ។

បច្ចុប្បន្នឈើខុសច្បាប់ទាំងនោះ ត្រូវបានសមត្ថកិច្ចរឹបអូស ដឹកជញ្ជូនយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីស្វែងរកម្ចាស់អោយចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់ ស្តីពីព្រៃឈើ និងកសាងសុំណំរឿង ដើម្បីបញ្ជូនទៅតុលាការ៕