ចាប់បានចិនម្នាក់វៀតណាម២នាក់ រួមគំនិតប្លន់ទូរស័ព្ទនៅក្រុងបាវិត

ស្វាយរៀង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស នាវេលាម៉ោង០០និង២៥នាទីរំលងអធ្រាត្រ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនបង្កមានឈ្មោះ គ័រ ជឺម៉ក អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូឡឺម៉ាកាវ មានទីលំនៅ ខេត្តហ៉ឺម៉ី ប្រទេសចិន យកកូនកាំបិតភ្ជង់គំរាម ជនរងគ្រោះក្នុងបន្ទប់ រួចយកទូរស័ព្ទម៉ាកIPhone 6s របស់ជនរងគ្រោះ និងគូកន២នាក់ទៀត១-ឈ្មោះ យ៉ធី ហ្វឿងអែម ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ ឃុំឡុងវ៉ា ស្រុកបិនដាយ ខេត្តបេនចែ ប្រទេសវៀតណាម និង២-ឈ្មោះ ហ្វាម ធីលៀង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវិនហា ឃុំឡាក់វើយ ស្រុកជីតូង ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាព យកទូរស័ព្ទម៉ាក IPhone7 ពណ៌ទឹកមាស (រកឃើញវិញ) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសុំណុំរឿង ចាត់ការបន្ត ទៅតាមនីនិវិធីនៃច្បាប់ ៕