ប្លន់ម៉ូតូបានសម្រចជនរងគ្រោះរបួសស្ទើរស្លាប់នៅខណ្ឌដង្កោ តែអធិការខណ្ឌប្រាប់សារព័ត៌មានថា ប្លន់នៅទឹកដីខេត្តកណ្ដាល

( ដោយ ៖ ធ្នូជ័យ)

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសស្ទើរស្លាប់ ក្នុងករណីចោរប្លន់ម៉ូតូ កាលពី​វេលា ម៉ោង​០០:១៥នាទី រំលងអាធ្រាត្រ​ ឈានចូលថ្ងៃចន្ទ​  ទី១៣ ខែឧសភា​ ឆ្នាំ២០១៩ នៅចំណុចខាងត្បួងរង្វង់មូលដីក្រហម (ឬរង្វង់មូលស្ត្រីកាន់កួរស្រូវ) ប្រហែល១គីឡូម៉ែត្រ​ នៅលេីកំណាត់ផ្លូវជាតិលេខ២​ ស្ថិតក្នុងសង្កាត់រលួសខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

ជនរងគ្រោះមានឈ្មោះ សិន​ អាយុប្រហែលជាង​៣០ឆ្នាំ មានមុខរបរជាងផ្សារដែក ស្នាក់នៅការដ្ឋានម្ដុំរង្វង់មូលគួរស្រូវ​ មានស្រុកកំណេីត​ នៅម្ដុំផ្សារ​ស័ង្កសី​ ខេត្តកំពង់ស្ពឺ ចំណែកឯម៉ូតូ ដែលជនរងគ្រោះខ្ចីគេជិះ ត្រូវបានចោរប្លន់យកទៅបាត់នោះ​ ម៉ាក​ហុងដាឌ្រីម​ (Honda​ Dream​) ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១៨ ពាក់ស្លាកលេខ ភ្នំពេញ​ 1HA-2052 ។ 

បេីតាមសម្ដីបុរសម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ថា​ នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានជិះម៉ូតូដែលខ្ចីពីខ្លួន ទៅញាំការមិត្តភក្តិ នៅម្ដុំក្បាលថ្នល់ ហេីយពេលញាំការរួច ជនរងគ្រោះ​បានបន្តចូល​ខារ៉ាអូខេ​មួយកន្លែងទៀត​ ។ ពេលចេញពីខារ៉ាអូខេវិញ ជិះម៉ូតូតែម្នាក់ឯង ធ្វេីដំណេីរតាមផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង​ លុះមកជិតដល់ចំណុចកេីតហេតុខាងលេី​ ស្រាប់តែលេចមុខក្រុមចោរប្លន់មានគ្នា៦នាក់​ ជិះម៉ូតូ៣គ្រឿង​ (មិនចាំម៉ាក​) ប្រដាប់ដោយដាវ​ បាននាំគ្នាធ្វើសកម្មភាព​ ស្ទាក់ប្លន់យកម៉ូតូ​ តែជនរងគ្រោះ​ផ្ដួលម៉ូតូកាន់សោរជាប់ ទេីបក្រុមចោរដេញកាប់ជាច្រេីនដាវ​ ដណ្ដេីមយកសោររួចជិះម៉ូតូចេញទៅបាត់​ស្រមោល​ បន្សល់ទុកជនរងគ្រោះ រងរបួសសុះខ្លួនប្រាណ​ តែនៅសល់ទូរស័ព្ទទាក់ទងមកប្រាប់ម្ចាស់ម៉ូតូ​ ឲ្យទៅជួយគាត់។ 

សូមបញ្ជាក់ផងដែរថា ហេតុការណ៍នេះ គឺបានមកពីការភ្ញាក់ផ្អើលដល់កម្លាំង សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ពានថ្ម បានមកដល់មន្ទីរពេទ្យជ័យជំនះ ដើម្បីធ្វើការសាកសួរជនរងគ្រោះផងដែរ។ ក្រោយពីសាកសួរជនរងគ្រោះរួច សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងកេីតហេតុ​នោះ ស្ថិតក្នុងសង្កាត់រលួសទេ មិនមែនស្ថិតក្នុងសង្កាត់ស្ពានថ្មនោះទេ ទេីបលោកនាយប៉ុស្តិ៍ នគរបាលស្ពានថ្ម បានរាយការណ៍បន្តទៅសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរលួស បានដឹងព័ត៌មាននេះផងដែរ​ ។ 

តែទោះជាយ៉ាងណា ករណីនេះក្រុមអ្នកសារព័ត៌មាន បានសាកសួរលោកអធិការខណ្ឌដង្កោ​ តាមWhatapp ដោយផ្ទាល់ដើម្បីងាយស្រួល ក្នុងការសរសេរព័ត៌មានឱ្យច្បាស់ការណ៍ ដោយលោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឆ្លេីយប្រាប់ក្រុមអ្នកសារព័ត៌មាន​វិញថា  “លោកបានអោយកម្លាំងប៉ុស្តិ៍និងជំនាញ​ ចុះទៅដល់កន្លែងកេីតហេតុហេីយ​ គឺទឹកដី​ ឃុំកេីប​ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្តាល​” ​។ 

តាមការបញ្ជាក់ របស់ជនរងគ្រោះ ក្រោយពីសង្គ្រោះ នៅមន្ទីរពេទ្យបានធូរស្រាលហើយនោះ បានប្រាប់អ្នកសារព័ត៌មាន តាមរយៈទូរស័ព្ទថា គាត់បានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ នៅប៉ុស្តិ៍នគរបាលសង្កាត់រលួស ៕