ខំគេចរថយន្តបញ្ច្រាសទិស ច្រឡំជាន់ហ្គែរថាជាហ្វ្រាំង ជ្រុលបុកផ្ទះគេរបួសធ្ងន់ស្រ្តីម្នាក់

( ដោយ ៖ ធ្នូជ័យ) 

ភ្នំពេញ ៖ ដោយសារខំគេចរថយន្តបញ្ច្រាសទិសមកពីខាងមុខ បុរសម្នាក់ស្លន់ បើករថយន្តច្រឡំជាន់ហ្គែរថាជាហ្វ្រាំង ជ្រុលបុកផ្ទះគេ របួសធ្ងន់ស្រ្តីម្នាក់ កាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខព្រលាន្តយន្តហោះពោធិ៍ជិនតុង តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តខាងលើ ម៉ាកកាមរីឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K-0754 បើកបរដោយបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) និងអ្នករួមដំណើរ៤ទៅ៥នាក់ទៀត ជាលក្ខណៈក្រុមគ្រួសារ ។ 

តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើធ្វើដំណើរតាមបណ្ដោយមហាវិថីសហពន្ធរុស្សុីទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកន្លែងកើតហេតុក៏រេចង្កូតជ្រុលទៅខាងស្ដាំដៃបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យស្រី្តម្នាក់ត្រូវជាប្រពន្ធ(រថយន្តបង្ក) រងរបួសធ្ងន់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗចំណែកឯទ្វារផ្ទះប្រជាពលរដ្ឋរងការយ៉ាងដំណំ។

បើតាមសម្ដីជាតៃកុងរថយន្តបង្កបានប្រាប់ឲ្យដឹងថាមូលហេតុមកពីគាត់បើករថយន្តគេចពីរថយន្តផ្សេងទៀតដែលបើកបញ្ច្រាស់ទិសចរាចរណ៍ធ្វើឲ្យគាត់ខំជាន់ហ្រាំ្វងតែច្រឡំជាន់ហ្គែរទើបធ្វើឲ្យបោលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋឲ្យខូចខាតបែបនេះតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានឲ្យភាគីទាំងសង្ខាងសម្របសម្រួលគ្នាហើយមួយសន្ទុះក្រោយមកទើបភាគីខាងរថយន្តបង្កព្រមចេញផ្លៃខូចខាតទ្រព្យសម្បត្តិរបស់ភាគីខាងម្ចាស់ផ្ទះទាំងស្រុងដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕