រថយន្តសង្គ្រោះខ្លះមិនសូវចាប់អារម្មណ៍ទេ ព្រោះអ្នករងរបួសជាជនអនាថា អត់លុយ, ជនអនាថាម្នាក់ត្រូវរថយន្តបុករងរបួសធ្ងន់ រួចស្លាប់នៅមន្ទីរពេទ្យ

( ដោយ ៖ ធ្នូជ័យ) 

ភ្នំពេញ ៖ បុរសម្នាក់ជាជនអនាថា មានសតិមិនល្អ មកដើរដេកកណ្ដាលផ្លូវ ត្រង់ស្តុប ត្រូវបានរថយន្ត២ទៅ៣គ្រឿង បើកបុកនិងកិនបណ្ដាលឲ្យរងរបួសធ្ងន់ រួចស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ។ 

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រា្រត ឈានចូលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកណ្ដាលស្តុបអុីនធឺខន់ ក្បែរស្តុបផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ក្នុងហេតុការណ៍នេះ គេសង្គេតឃើញ រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យឯកជន និងមន្ទីពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ ក្នុងការចុះមកដឹកជនរងគ្រោះ ដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយ មិនខ្វល់ ។អ្នកបើកបររថយន្ត របស់មន្ទីររដ្ឋម្នាក់ និយាយសុំមិនបញ្ចេញឈ្មោះថា រាល់ថ្ងៃធុញទ្រាន់និងពួកឡានពេទ្យឯកជន ដែលមានភាពរញ៉េរញ៉ៃ ។ភាគច្រើន យើងចេញទៅយក គឺខាតតែពេល និងសាំងប៉ុណ្ណោះ ព្រោះឡានពេទ្យឯកជនដឹកយកទៅបាត់ ។តែនៅពេលចំជនអនាថា ឬវិកលចរិតបែបនេះ គឺពួកគេមិនសូវខ្វល់ ទុកចោលបង្កទៅជាកំហុស ដល់ឡានពេទ្យរដ្ឋទៅទៀត  ។ 

បន្ទាប់ពីកើតហេតុ អស់រយៈពេលជាងកន្លះម៉ោង ទើបគេឃើញរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យឯកជនហុងហាក់ ចុះមកដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះអាយុជីវិត តែអកុសលជនរងគ្រោះ បានបាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សូមបញ្ជាក់ថា បច្ចុប្បន្នរថយន្តសង្គ្រោះភាគច្រើនជារថយន្តរបស់មន្ទីរពេទ្យឯកជនរង់ចាំប្រកួតប្រជែងដណ្ដើមអ្នករងរបួសប្រៀបដូចដណ្ដើមភ្ញៀវគ្នាអញ្ចឹង។អ្នករងរបួសក្នុងហេតុការណ៍ផ្សេងៗត្រូវបានពួកគេដឹងតាមប្រព័ន្ធវិទ្យុទាក់ទងស្ទង់អារម្មណ៍គិតមើលថាអ្នករងរបួសនោះមានលុយឱ្យពួកគេឬអត់? បើអត់គឺធ្វើមិនដឹងមិនលឺ,Call ក៏មិនលើកជាដើម។ 

មានរថយន្តពេទ្យឯកជនខ្លះទៀតមានច្បាប់ដឹកសាកសពប៉ុន្តែលួចចេញយកអ្នករងរបួសដើម្បីយកទៅសង្គ្រោះដើម្បីបំប៉នរកថវិកាមុខរបរពេទ្យរបស់ពួកគេ។ពួកគេមិនខ្វល់ពីសុវត្ថិភាពប្រសិទ្ធិភាពនៃការសង្គ្រោះនោះទេសំខាន់លុយៗៗ។កន្លងមកពេទ្យឯកជនមួយចំនួនដែលត្រូវក្រសួងប្រកាសដកអាជ្ញារបណ្ណព្រោះធ្វើខុសលក្ខខណ្ឌនិងវិជ្ជាជីវៈក្រមសីលធម៌ធ្ងន់ធ្ងរប៉ុន្តែម្ចាស់ពេទ្យឯកជនទាំងនោះមានល្បិចសុំអាជ្ញារបណ្ណថ្មីប្តូរទីតាំងថ្មី(ប្រើខ្នងដដែល) បង្កើតមុខរបរនេះបានដដែល៕