ឆក់ទូរស័ព្ទពីខណ្ឌពោធិ៍សែនជ័យរត់ ដល់ខណ្ឌដង្កោ ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ​ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំង​សមត្ថកិច្ចខណ្ឌដង្កោក្របួចបានភ្លាមៗក្រោយពួកគេធ្វើសកមមភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង​៣នឹង០០នាទី​ ថ្ងៃទី១៥​ ខែ​ឧសភា​ ឆ្នាំ​ ២០១៩​ ទីតាំងដែលពួកគេធ្វើសកម្មភាពស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣​ភូមិគោកខ្សាច់​ សង្កាត់ភ្លើងឆេះរទេះ​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​ ។ 

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំងពីរនាក់ខាងលើទី១​ ឈ្មោះ​នៅ​ សំណាង​ ភេទប្រុស​ អាយុ១៧ឆ្នាំ​  ,​ ទី២​ ឈ្មោះ​ ម៉ន​ ដារ៉ា ​ ភេទប្រុស​ អាយុ២៣​ ឆ្នាំ​ អ្នកទាំងពីរស្នាក់នៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិសែនជ័យ​ ចំណែកជនរងគ្រោះឈ្មោះ​ សុខ​ សុភ័ក្រ​ ភេទស្រី​ អាយុ​ ១៨ឆ្នាំ​ ។

សមត្ថកិច្ចបន្តថាដំបូងឡើយជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក​សេ១២៥​ ពណ៌ខ្មៅ​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពី​ត្បូងទៅជើង​ ខណៈដល់ចំណុចកើតហេតុដោយឃើញឱកាសល្អពួកគេក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូបានសម្រេចហើយព្យាយាមជិះគេចខ្លួន​ ប៉ុន្តែពេលនោះជនរងគ្រោះបានដេញតាមហើយស្រែកថាចោរៗក៏ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោកំពុងជិះម៉ូតូល្បាតឃើញក៏ដេញចាប់​ រហូតដល់ជនសង្ស័យទាំងពីរនាក់ផ្តួលម៉ូតូចោលរត់ចូលវាល់ស្រែ​ ប៉ុន្តែទោះបីជាយ៉ាងណាកម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានទាំងពីរនាក់យកមកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាលពងទឹកដើម្បីធ្វើការសាកសួរ។ 

បន្ទាប់ពីរធ្វើការសាកសួររួច​ សមត្ថកិច្ចខណ្ឌដង្កោបានសម្រេចប្រគល់ជនសង្ស័យទាំងពីរនាក់នេះទៅអោយសមត្ថកិច្ចខណ្ឌពោធិសែនជ័យ​ ចាត់ការទៅតាមនីតិវធីច្បាប់​ ព្រោះការកំណត់ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទដៃគឺស្ថិតនៅក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ៕