Update : ឃាតក២នាក់ប្តីប្រពន្ធ រួមគំនិតសម្លាប់ស្ត្រីម្នាក់ ដោយសារ ខ្លួនជំពាក់លុយច្រើនពេក​ ហើយគ្មាន​លុយ​សង ទើបសម្លាប់បំបិទដានតែម្តង

ភ្នំពេញ ៖ ឆ្លងតាមចម្លើយសារភាពរបស់ស្រ្តីជាឃាតក បាននិយាយថា ខ្លួនមានឈ្មោះ​ ទឹម សុផល អាយុ​៣៥​ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ (​ មាន​ប្តី​៥​នាក់ហើយ​ប្តី​ក្រោយ​បំផុត​ជា​ជនបរទេស​) ។ ជននេះរួមនឹងស្វាមី ជាជនបរទេសបានរួមដៃគ្នា ​សម្លាប់​ជនរងគ្រោះ ឈ្មោះ គឹម យ៉ាទៀង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅផ្សារកណ្តាល និងមានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយ​យក​កាំបិត កាត់​សាកសព ជា​បំណែកៗ ​រួច​ច្រក​ដាក់​ស្បោង​ខ្មៅ យក​ទៅ​បោះចោល​នៅ​ច្រាំងទន្លេ ផ្លូវព្រះ​ស៊ីសុវត្ថិម្តងបន្តិចៗ ។

​ស្រ្តីជាឃាតករូបនេះបានប្រាប់ពីមូលហេតុ ដែលឈានទៅសម្លាប់បែបនេះ គឺដោយសារជារូបគេ និងស្វាមី ហ៊ានប្រព្រឹត្ត​បែប​នេះដោយសារតែខ្លួនជំពាក់លុយជនរងគ្រោះច្រើនពេក​ ហើយគ្មាន​លុយ​សង ក៏​បែក​គំនិត​​ដាក់​ផែន​ការ​ សម្លាប់បំបិទដានតែម្តង​។

សូមជម្រាបថាកាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញ ក្មេងស្រីម្នាក់ដើររកម្តាយទាំងយប់ ពេញក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា ។ 

ក្មេងស្រីដែលដើររកម្តាយម្នាក់នោះមានឈ្មោះ ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្សរស់នៅទួលសង្កែ បានសួររកម្តាយដែលបាត់ទៅ ឈ្មោះ គឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើ នៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះ ដោយមិនដឹងមូលហេតុ។ 

បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុកនិងសារព័ត៌មានផ្សេងៗ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការណ៍ជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបំបែកសំណុំរឿង បានហើយ នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩នេះន។ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតកគឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតាំងពីយប់មិញ ៕