Decathlon ប្រារព្ធ ទិវាកីឡាលើកទី២ឱ្យមហាជនចូលរួមលេងយ៉ាងកុះករ

ភ្នំពេញ ៖ ហាងលក់សម្ភារៈកីឡាដ៏ធំប្រចាំកម្ពុជា Decathlon បានរៀបចំទិវាកីឡាលើកទី២ (Sport Festival) ក្នុងផ្សារទំនើបអ៊ីអនសែនសុខ ដោយអនុញ្ញាតឱ្យមហាជនចូលរួមលេងយ៉ាងកុះករ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ។ 

លោកជេប៊ី (JEAN BAPTISTE PRIGENT) អ្នកគ្រប់គ្រង Decathlon បានថ្លែងថានៅក្នុងប្រទេសកម្ពុជា យើងចង់ជួយអភិវឌ្ឍសហគមន៍កីឡា តាមរយៈការជួយលើកទឹកចិត្ត ប្រជាជនខ្មែរ ឲ្យសាកល្បងកីឡាថ្មី និងដើម្បីយល់ពីអត្ថប្រយោជន៍ខ្ពស់ ចំពោះការលេងកីឡា ដើម្បីសុខភាព ។ នេះជាហេតុផល ដែលយើងសហការគ្នានៅថ្ងៃនេះ ជាមួយដៃគូចំនួន១៦ (រួមមានក្លឹបកីឡា និងសហព័ន្ធកីឡា)  និងជួយអ្នកប្រើប្រាស់របស់យើង ស្វែងរកនិងបានសាកល្បង កីឡាថ្មីៗ ជាមួយនឹងផលិតផល Decathlon ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍Decathlon Sports Festival លើកទី២នេះ មានមហាជនចូលរួមជាច្រើន ហើយជាពិសេសនោះ មានក្មេងនិងយុវវ័យ ដែលស្រលាញ់កីឡា បានចូលរួមលេងកីឡា ជាច្រើនប្រភេទ យ៉ាងសប្បាយ ។លើកនេះ Decathlon Sports Festival  បានដាក់កីឡា១៦ប្រភេទ មានដូចជាជិះកង់, ការបោះតង់, យូហ្គា, វាយតេនីស, រាំហ្សមបា, ការ៉ាតេដូ, កីឡាវាយសី, ប្រដាល់សេរី, តៃក្វាន់ដូ, កីឡាបាល់បោះ, វាយប៉េងប៉ុង, រាំបាំបាឡេ, កីឡាបាល់ទាត់, កីឡាប្រដាល់, និងកីឡាហែលទឹក៕