សង្ស័យពុលពងទា មួយគ្រួសារ៨នាក់ទន់ដៃទន់ជើងល្ហិតល្ហៃអស់កម្លាំងនិងក្អួត សង្គ្រោះទាំងព្រលឹម

តាកែវ ៖ មួយគ្រួសារដែលមានសមាជិក៨នាក់ ​មានចាស់ មានក្មេង ប្រុស ស្រី សង្ស័យពុលចំណីពងទា ក្រោយពេលដែលយកទៅចៀនធ្វើម្ហូបហូប កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ 

តាមការបញ្ជាក់ពីជនរងគ្រោះបានប្រាប់ថា ពងទាដែលពួកគាត់ហូបនេះ បានទិញកាលពីថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០១៩ ចំនួន០៧គ្រាប់ ពីផ្សាអង្គរកា ហើយបានយកទៅចៀនហូបអស់ចំនួន០៤គ្រាប់ ភ្លាមៗពេលនោះមិនបានកើតអ្វីទេ ។ ទើបតែនៅព្រឹក ថ្ងៃទី១៨ បានចៀនពងទាហូបចំនួន០៣គ្រាប់បង្ហើយ ក៏មានហេតុការណ៍នេះកើតឡើង   ដោយមានសភាពទន់ដៃទន់ជើង ល្ហិតល្ហៃ អស់កម្លាំងនិងក្អួត ។ 

ជនរងគ្រោះបន្ថែមថា ពងទាដែលចៀននោះ គឺដាក់គ្រឿងផ្សំ មានប៊ីចេង អំបិល ជាធម្មតា ពុំបានដាក់ម្រេចទេ ហើយក៏ពុំបានហូបអ្វីក្រៅពីពងទាដែរ ។ បច្ចុប្បន្នអ្នកជំងឺទាំង០៨នាក់ ដែលពុលចំណីខាងលើ ដែលសង្ស័យបណ្តាលមកពីពងទានេះ ត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរ ក្រោមការយកចិត្តទុកដាក់ សង្គ្រោះពីក្រុមគ្រូពេទ្យរួចហើយ ។ 

ទោះជាយ៉ាងណា នេះគ្រាន់តែជាការសង្ស័យរបស់ក្រុមគ្រួសាររងគ្រោះជាបឋមប៉ុណ្ណោះ ព្រោះមន្រ្តីជំនាញ និងក្រុមគ្រូពេទ្យ កំពុងសិក្សាស្រាវជ្រាវ រកមូលហេតុច្បាស់លាស់ នៃការពុលនេះ ៕