នាយករដ្ឋមន្ដ្រីចុះពិនិត្យស្ថានភាពអគារដែលរលំនៅខេត្តព្រះសីហនុទាំងយប់អធ្រាត្រ

ព្រះសីហនុ ៖ ក្រោយពីបានអញ្ជើញវិលត្រឡប់ មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកកប្រទេសថៃ កាលពីរសៀលថ្ងៃ២៣ម្សិលមិញ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរតាមរថយន្ត មកកាន់ទីតាំងអាគារ៧ជាន់ នៅខេត្តព្រះសីហនុទាំងយប់ រហូតដល់ម៉ោងប្រមាណ៣និង៣០ទៀបភ្លឺ ឆ្លងចូលថ្ងៃទី២៤ ខែមិថុនា ទើបសម្តេចតេជោ ហ៊ុន សែន បានសម្រាក។ 

ការអញ្ជើញមកទាំងយប់ របស់សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្ត ដល់បងប្អូន ដែលកំពុងចូលរួម នៅក្នុងបេសកកម្មរុករកអ្នករងគ្រោះ ។ សម្តេចមានការសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខ ជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព ។ ទន្ទឹមនឹងនេះ សម្តេចតេជោបានអំពាវនាវ ដល់សប្បុរសជន ចូលរួមវិភាគទាន ជួយដល់ គ្រួសារជនរងគ្រោះផងដែរ ។ 

សូមជម្រាបថា ករណីបាក់រលំអគារកម្ពស់៧ជាន់ បណ្ដាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិទី៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

គិតត្រឹមម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនានេះ អ្នកស្លាប់សរុបមានចំនួន២៥នាក់( ប្រុស២១, ស្រី៤) អ្នករបួសសរុប២៤នាក់( ប្រុស២២នាក់, ស្រី២នាក់) ។ រីឯគំនរបាក់បែក ត្រូវបានក្រុមការងារជួយសង្គ្រោះ ធ្វើការកាយចេញ បានចំនួន៧៥ភាគរយហើយ ៕