ជិះម៉ូតូទៅធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅគល់ស្ពាន ព្រះមុនីវង្ស

ភ្នំពេញ ៖ បុរសម្នាក់បាន ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៏ រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃច័ន្ទ  ទី២៤  ខែមិថុនា  ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់  ក្នុងសង្កាត់ច្បារអំពៅទី២  ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។

ជនរងគ្រោះស្លាប់មានឈ្មោះ ម៉ឹង  សាវចន  ភេទប្រុស  អាយុ៣៧ឆ្នាំ  ជនជាតិខ្មែរ  មុខរបរធ្វើការនៅព្រលាន យន្តហោះពោធិ៏ចិនតុង ផ្នែកខាងសំអាត ក្រុមហ៊ុន (GSU  Cambodia  Co, Ltd) រស់នៅសព្វថ្ងៃក្នុងបុរីតាង៉ៅ សង្កាត់និរោធ  ខណ្ឌច្បារអំពៅ ។ ជិៈម៉ូតូម៉ាកPCX  ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ1GT.4981  ហើយមានប្រពន្ធនិងកូន២នាក់ប្រុសមួយស្រីមួយ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់ជិៈម៉ូតូមួយគ្រឿងតាមបណ្តយផ្លូវជាតិលេខ១ ទឹសដៅពីកើតទៅលិច  ខណៈ មកដល់កន្លែងកើតហេតុក៏ស្រាប់តែមានរថយន្ត កូរ៉េមួយគ្រឿងម៉ាកហុីយ៉ិនដាយ  ពណ៌ស  ពាក់ស្លាកលេខ ព្រះសីហនុ 3A.7101 ជាប្រភេទរថយន្តដឹកទំនិញ បានបើក មកពីក្រោយស្របទឹសគ្នាបានបុកពីក្រោយពេញទំហឹងហើយកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

រថយន្តបានបន្តបើករត់រហូតដល់ជ្រមុះជ្រូកក្បាលថ្នល់ទើបសមត្ថកិច្ចចាប់បានយកមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រងចាំប្រគល់ឲ្យជំនាញចរាចរណ៏ក្រុង។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៏ក្រុងមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅចរាចរណ៏ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់។ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយធ្នូជ័យ