រឿងអីមិនស្ទះចរាចរ បើរថយន្តធំៗបើកគ្មានសីលធម៌បែបនេះ

ភ្នំពេញ ៖ ការបញ្ជាយានយន្ដដោយគ្មានសីលធម៌ និងបញ្ជាយានយន្ដបែបអនាធិបតេយ្យ របស់រថយន្តធន់ធំមួយចំនួន បានបង្កជាការកកស្ទះធ្ងន់ធ្ងរ និងពេលខ្លះបង្កជាគ្រោះថ្នាក់ចរាចរ ឆក់យកជីវិតមនុស្សនៅតាមដងផ្លូវជារឿយៗ ។ 

ពលរដ្ឋម្នាក់ បានថតរូបភាពពីការបើកប្រជែងគ្នា របស់រថយន្តធន់ធំនៅលើដងផ្លូវវេងស្រេង វេលាម៉ោង៨និង១៤នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដោយសម្ដែងនូវខកចិត្តនិងហួសចិត្តយ៉ាងខ្លាំង ដែលបើកបរនៅលើដងផ្លូវបែបនេះ បង្កឱ្យចរាចរកកស្ទះ ។ 

សូមរំលឹកនេះថា នេះមិនមែនជារូបភាពទីមួយ ដែលបង្ហាញពីការបើកបរគ្មានសីលធម៌ របស់រថយន្តធន់ធំមួយចំនួននោះទេ គឺវាបានកើតឡើងរាប់ឆ្នាំមកហើយ សម្រាប់រាជធានីភ្នំពេញ ។ មានពេលខ្លះបើកបរព្រហើន លឿនជ្រុលបុកអ្នកធ្វើដំណើរដោយម៉ូតូស្លាប់ជាបន្តបន្ទាប់ និងមានពេលខ្លះបុករះផ្ទះប្រជាពលរដ្ឋក៏មាន ក្រោមហេតុផលហ្វ្រាំងមិនស៊ី ។ 

ទោះបីមានចំណាត់ការរបស់អាជ្ញាធរក្រុងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា ចំណាត់ការនោះមានប្រសិទ្ធិភាពចំពោះតែម្ចាស់អាជីវកម្មដឹកជញ្ជូនមួយចំនួនប៉ុណ្ណោះ រីឯមួយចំនួនទៀត នៅតែបំពាននៅតែព្រហើន បញ្ជ្រៀតចូលតាមផ្លូវតូចធំ ដោយពុំខ្វល់ពីការកកស្ទះឡើយ សំខាន់អោយតែទំនិញរបស់ខ្លួន ចូលដល់ឃ្លាំងចំណេញបានឆាប់ ៕