ឯកឧត្ដម យន្ត មីន លាលែងពីតំណែង ឯកឧត្តម គួច ចំរើន មកជំនួស និងដកតំណែងឯកឧត្តម ញឹម វណ្ណដា

ភ្នំពេញ ៖ ទីបំផុតអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម យន្ត មីន បានលាលែងចេញតំណែង ហើយជំនួសមកវិញ ដោយឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ និងដកពីតំណែង ឯកឧត្តម ញឹម វណ្ណដា ពីទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ ។ 

សម្ដេចនាយកនៅថ្ងៃទី២៤នេះបានបង្ហាញថា « ក្នុងពេលបំពេញការងារ នៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុស លើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង ។ គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញ ពីអភិបាលខេត្តព្រះសីហនុ ។ 

ខ្ញុំបានយល់ព្រម អោយគាត់លាលែងននិងបានពិភាក្សាជាមួយសម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ ។ ទោះជាមានការរៀបចំបែបនេះក៏ដោយ ក៏ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការ និងអភិបាលខេត្តថ្មី ចូលកាន់តំណែង ។

ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះ ខ្ញុំបានសម្រេចចិត្ត ដកឯកឧត្តម ញឹម វណ្ណដាចេញពីតំណែង ជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ» ៕