ប្រតិបត្តិការរុករកជនរងគ្រោះ ក្រោមអគារបាក់បែកត្រូវបានបញ្ចប់ អ្នកស្លាប់២៨នាក់រងរបួស២៦នាក់

ព្រះសីហនុ ៖ ប្រតិបត្តិការរុករកជនរងគ្រោះ ត្រូវបានបញ្ចប់ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយរកឃើញអ្នកបាត់បង់ជីវិតសរុប២៨នាក់ ( ប្រុស២៤, ស្រី៤) និងរងរបួស២៦នាក់ ( ប្រុស២៤នាក់, ស្រី២នាក់) ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសនៅពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ថវិកាសម្រាប់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលស្លាប់ នឹងកើនជិតដល់៧ម៉ឺនដុល្លារក្នុងម្នាក់ៗ ចំណែកជនរងគ្រោះ នឹងទទួលបានប្រាក់ឧបត្ថម្ភជាង១ម៉ឺនដុល្លារ ក្នុងម្នាក់ៗផងដែរ ។ 

សូមជម្រាបថា ករណីបាក់រលំអគារកម្ពស់៧ជាន់ បណ្ដាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិទី៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕