គណបក្សប្រជាជនកម្ពុជា គឺជាបក្សដ៏ធំនិងរឹងមាំបំផុតនៅកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី២៨ ខែមិថុនា គឺថ្ងៃគម្រប់ខួបរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមសុខរួមទុក្ខជាមួយពលរដ្ឋ អស់រយៈពេល៦៨ឆ្នាំហើយមកទល់ថ្ងៃនេះ គិតចាប់ពីឆ្នាំ១៩៥១ ដល់ឆ្នាំ២០១៩។ ពិធីដ៏អធិកអធមនេះ បានប្រារព្ធធ្វើឡើង នារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងលោកជំទាវ ដែលមានសមាជិកសមាជិកា ចូលរួមជាច្រើនម៉ឺននាក់ និងមានភ្ញៀវជាតិនិងអន្តរជាតិ តំណាងគណបក្សនយោបាយ ព្រមទាំងអគ្គរដ្ឋទូត និងដៃគូអភិវឌ្ឍ នៃបណ្តាប្រទេសជាច្រើនផងដែរ ។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏ធំនិងរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគណបក្សតែមួយគត់ដែលបានរំដោះអាយុជីវិតពលរដ្ឋរាប់លាននាក់ អោយរួចចាកផុតពីវាលពិឃាត កាលពីថ្ងៃទី៧ មករា ១៩៧៩ ។ គណបក្សប្រជាជន បានរួមសុខរួមទុក្ខជាមួយពលរដ្ឋ អស់រយៈពេល៦៨ឆ្នាំហើយ មកទល់ថ្ងៃនេះ ហើយនឹងនៅបន្តនៅជាប់កៀកជាមួយប្រជាជនយូរអង្វែងទៅមុខទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ។

សម្តេចតេជោហ៊ុនសែនបានមានប្រសាន៍ អំពីការដាក់ចេញនូវគោលនយោបាយ ដែលជំរុញឲ្យមានការអនុវត្ត ប្រកបដោយឆន្ទៈមោះមុតឥតរាថយ នូវវិធានការកែទម្រង់ផ្ទៃក្នុង តាមបាវចនា២ គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតី ឯករាជ្យជាមួយគ្នា និងអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាលនិងវះកាត់ សំដៅកែលម្អភាពប្រកួតប្រជែង និងបង្កើនល្បឿន នៃការធ្វើពិធកម្មសេដ្ឋកិច្ចជាតិ បង្កលក្ខណៈងាយស្រួល ក្នុងការវិនិយោគ ក្នុងគោលដៅធានានូវចីរភាព នៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងមានភាពធន់រឹងមាំ សម្រាប់រយៈពេលវែងខាងមុខ និងបង្កើនបរិមាណការងារ ប្រកបដោយគុណភាព ជូនប្រជាជន និងយុវជនកម្ពុជា ។

នៅក្នុងឱកាសថ្លែងទៅកាន់ សមាជិកសមាជិកា សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបន្តខិតខំកសាង និងអភិវឌ្ឍប្រទេសកម្ពុជា អោយមានការរីកចម្រើនជាបន្តទៀត ក្នុងរយៈពេល នៃអាណត្តិ២០១៨-២០២៣ និងខិតខំសម្រេចគោលដៅ នៃការអភិវឌ្ឍគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព ៕