ក្រសួងកសិកម្មស្នើឯកឧត្តម សៅ សុខា ទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើ ព្រោះឈ្មួញល្មើសដឹកឈើរង្វង់រយឡាន ទៅវៀតណាមយ៉ាងរលូន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សុខុន បានស្នើឯកឧត្តមឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជួយមានវិធានការសមស្រប លើភាពអនាធិបតេយ្យបទល្មើសចរាចរឈើ ចេញតាមច្រកព្រំដែន ។ 

លិខិតនោះបានបង្ហាញថា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ទទួលបានព័ត៌មាននិងចុះធ្វើការផ្ទៀងផ្ទាត់ ទីវាលនៅតាមបណ្ដាខេត្តមួយចំនួន នៅភូមិភាគឥសាន្ត កត់សម្គាល់ឃើញថា ភាពអនាធិបតេយ្យចរាចរឈើល្មើស ហាក់កក្រើកឡើងវិញ ជាក់ស្ដែងចន្លោះពីថ្ងៃទី១០ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩ នៅតាមច្រកព្រំដែនដាក់ដាំ មានចរាចរល្មើសតាមរថយន្តសាំយ៉ុង ក្នុងរង្វង់រយឡានឆ្លងកាត់តាមច្រកទ្វារព្រំដែនដាក់ដាំ ទៅកាន់ប្រទេសវៀតណាមយ៉ាងរលូន ដោយពុំមានការទប់ស្កាត់ ពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធបន្តិចឡើយ។ ករណីនេះ បានបង្កនូវភាពភ្ញាក់ផ្អើល បង្កើតនូវភាពមន្ទិលសង្ស័យ របស់មជ្ឈដ្ឋានជុំវិញ ពីភាពពាក់ព័ន្ធរបស់សមត្ថកិច្ចទូទៅ ក្នុងការអនុវត្តច្បាប់ជាធរមាន ។ 

បច្ចុប្បន្នព្រឹត្តិការណ៍នេះ បានស្ងប់ស្ងាត់វិញ ក្រោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាត់ថ្នាក់ដឹកនាំចុះពិនិត្យនិងធ្វើសកម្មភាពទប់ស្កាត់ ។ ចំពោះករណីពាក់ព័ន្ធកន្លងមក ជៀសវាងភាពអនាធិបតេយ្យទ្រង់ទ្រាយធំ អាចកើតមានឡើងជាយថាហេតុទៀតនោះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្នើឯកឧត្តមឧត្ដមសេនីយ៍ ប្រធានគណកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជួយមានវិធាការម៉ឺងម៉ាត់ ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពតាមការគួរ ។ នេះបើយោងតាមលិខិតចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ។ 

សូមរំលឹកថា ការចរាចរឈើល្មើស បានកើតឡើងរាប់សិបឆ្នាំកន្លងមកហើយ ក្រោមរូបភាពផ្សេងៗ ប្រើប្រាស់ប្រជាជនធ្វើជាខែល ឬជ្រកក្រោមផ្លាកអាជ្ញាបណ្ណ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងឈ្មួញមួយចំនួនទៀតជិះសេះលេងដៃ ដោយឃុបឃិតរត់ការបង់ប្រាក់ជូនសមត្ថកិច្ច ជាថ្នូរមិនបង្ក្រាប និងជាថ្នូជួយលាក់បាំងថ្នាក់លើ ជាពិសេសជួយភូតភូរថ្នាក់ដឹកនាំកំពូលៗ ដើម្បីចែកប្រយោជន៍គ្នារហូតអ្នកខ្លះក្លាយជាសេដ្ឋី សល់លុយខ្ទង់វាល់លានដុល្លារ ដោយមិនដឹងខ្លួន ៕