បុគ្គលឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់ព្រៃឈើ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង រួចរថយន្ត គោយន្ត ម៉ូតូ ដែលចាប់បានត្រូវបំផ្លាញចោលនៅនឹងកន្លែង

ភ្នំពេញ ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានឯកឧត្ដម សៅ សុខា ជាប្រធានបានប្រកាសអនុវត្តវិធានការច្បាប់តឹងរ៉ឹង ចំពោះបុគ្គលឬក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់ព្រៃឈើ ហើយមធ្យោបាយ(រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង ។ 

អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះថា កន្លងទៅយើងបានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើ ជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយគ្រប់រូបភាពន។គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនថា ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស យើងនឹងអនុវត្តវិធានការដូចក្រោម ៖ ទី១- បុគ្គលឬក្រុមហ៊ុនដែលពាក់ព័ន្ធ ការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង និងទី២- មធ្យោបាយ(រថយន្តគោយន្តម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមមេត្តាជ្រាប និងបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ ក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ អាជ្ញាធរមានសមត្ថកិច្ច គ្រប់ថ្នាក់ មេត្តារួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ផ្លាស់ប្តូរផ្នត់គំនិត ពីការប្រកបមុខរបរកាប់ឈើដឹកជញ្ជូនឈើខុសច្បាប់ ទៅប្រកបមុខរបរស្របច្បាប់វិញ ដើម្បីរួមគ្នាការពារបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ។ 

សូមជម្រាបថា ថ្មីៗកន្លងមកនេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមវេង សុខុន បានចេញលិខិតស្នើ ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជួយមានវិធានការសមស្រប លើភាពអនាធិបតេយ្យ បទល្មើសចរាចរឈើចេញតាមច្រកព្រំដែន ៕