សម្ដេច ស ខេង ៖ ស្ទើរពេញមួយជីវិតមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ នេះគឺជាពាក្យបណ្ដឹងលើកដំបូង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងសារនៅលើផេកផ្លូវការមុននេះបន្តិចថា « ខ្ញុំសូមជម្រាបជូនសាធារណជន និងបងប្អូនជនរួមជាតិទាំងអស់ ឲ្យបានជ្រាបថា ស្ទើរពេញមួយជីវិតរបស់ខ្ញុំមកដល់ពេលនេះ ខ្ញុំមិនដែលជាប់ពាក់ព័ន្ធ នឹងការប្តឹងផ្តល់ឬមានក្តីក្តាំ ជាមួយបុគ្គលណាមួយឡើយ ។ នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹង ជាលក្ខណៈឯកជន ចំពោះបុគ្គលសមរង្ស៊ី ។

ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន ដើម្បីញុះញង់ បំផុសបំផុល ក្នុងចេតនាទុច្ចរិត មួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន ។ពាក្យបណ្តឹងនេះ ក៏ដើម្បីទាមទារយុត្តិធម៌ដល់រូបខ្ញុំ និងអ្នករងគ្រោះទាំងអស់ ដែលត្រូវបានបុគ្គលសមរង្ស៊ី ធ្វើការលាបពណ៌ និងចោទប្រកាន់បំភ្លៃការពិត ។ 

ខ្ញុំក៏សូមអំពាវនាវ ដល់អ្នកនយោបាយទាំងអស់ គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ ក្នុងសកម្មភាពរបស់ខ្លួន ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងការប្រព្រឹត្តនូវអំពើ ដែលនាំឲ្យមានការបែកបាក់ក្នុងសង្គម និងធ្វើឲ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ៕