កម្មករ​កម្មការិនីប្រមាណជាង៣ពាន់នាក់ នៅរោងចក្របូវឃេីរ ផ្ទុះកូដកម្មទាមទារលក្ខខណ្ឌការងារ១៨ចំណុច

​ភ្នំពេញ​ ៖​ កម្មករ​ កម្មកានីរោងចក្រកាត់ដេរបូវឃើរ​ ហ្គាមេន​ហ្វេកធេីរី​(ខេមបូឌា)ខមភេនី​ លីមីធីតដែលមានអសយដ្ឋាន នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រាប់ពាន់នាក់ បានផ្ទុះធ្វើកូដកម្មអហិង្សា​ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ​ ដេីម្បី​ទាមទារលក្ខខណ្ឌការងារចំនួន១៨ចំណុច ឱ្យថៅកែរោងចក្រ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ ។

​យោងតាមលិខិតទាមទារលក្ខខណ្ឌការងារ របស់កម្មករចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ដែលក្រុមអ្នកសារព័ត៌មានទទួលបាន នាថ្ងៃទី៩ ខែកក្កដា នេះ​ បានស្នើសុំឯកឧត្ដមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្មបាតុកម្ម គ្រប់មុខសញ្ញា សំណើសុំជួយអន្តរាគមន៍ដោះស្រាយ ករណីកូដកម្មអហិង្សា ដើម្បីទាមទារលក្ខខណ្ឌចំនួន១៨ចំណុច ដូចមានភ្ជាប់នៅខាងក្រោម ដែលគ្រោងដាក់ជូនឯកឧត្ដមរដ្ឋមន្រ្តី ។

​ជាមួយគ្នានេះកម្មករកម្មការនីនៅទីនោះ បានផ្ដល់បទសម្ភាសន៍ដោយផ្ដោតសំខាន់ការទាមទារចំបងមុនគេ គឺឱ្យក្រុមហ៊ុនចាត់វិធានការបញ្ឈប់រដ្ឋបាលឈ្មោះ យ៉ង់​ គង់ ចេញពីក្រុមហ៊ុន ព្រោះបុគ្គលនេះ ជាអ្នកបង្កបញ្ហា និងធ្វើការផ្លាស់ប្ដូរអត្ថប្រយោជន៍ របស់បងប្អូនកម្មករដែលធ្លាប់ទទួលបានកន្លងមក ។  

ជុំវិញការទាមទាររបស់ភាគីកម្មករ​ កម្មការិនី​ ក្រុមអ្នកសារព័ត៌មានមិនអាចទំនាក់ទំនង សុំការបំភ្លឺពីលោកប្រធានរដ្ឋបាល ឬលោកថៅកែរោងចក្របានឡេីយ នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ ៕