នៅក្មេងៗណាស់ ជនសង្ស័យ២នាក់រៀនថ្នាក់ទី៧ ក្លាយជាចោរឆក់

ភ្នំពេញ ​៖​ ជនសង្ស័យវ័យ​ក្មេង​ពីរ​នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបន្ទាប់​ពី​​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ​ពីនារី​ម្នាក់​មិនបាន​សម្រេច​ កាលពី​វេលាម៉ោង​១០យប់​ ថ្ងៃ​ពុធទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ត្រង់​ចំណុច​ខាងមុខ​ក្លោង​ទ្វារ​វត្ត​សំរោង​អណ្ដែត​ ស្ថិតតាម​បណ្ដោយ​ផ្លូវ​ភ្នំពេញហាន់ណូយ​ ​សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ 

ជនសង្ស័យ​ទី​១មានឈ្មោះ​ ផូ​ វិរៈ​បុត្រ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ( ​ អ្នកបេីក​បរម៉ូតូ)ជាសិស្ស​ថ្នាក់​ទី​៧ ស្នាក់នៅ​បឹងកក់​ទី​១​ ខណ្ឌទួលគោក​ និងជនសង្ស័យទី​២​មានឈ្មោះ​ នូរ​ ឧត្តម​ ភេទ​ប្រុស​ អាយុ​១៥ឆ្នាំ​ ( អ្នក​អង្គុយ​ខាងក្រោយ​ធ្វើ​សកម្មភាពឆក់)  ជាសិស្ស​ថ្នាក់​ទី​៧ ស្នាក់នៅ​ក្នុង​សង្កាត់​បឹងកក់​ទី​១​ ខណ្ឌទួលគោក​។ជនសង្ស័យបានជិះម៉ូតូ​ម៉ាក​ ហុងដាឃ្លីក​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​1GB-5966​ ដើម្បីធ្វើសកម្មភាព។

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​បានឲ្យដឹងថា ​នៅ​មុន​ពេល​កេីតហេតុ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វេីការ​ជិះ​ល្បាត​ក្នុង​មូល​ដ្ឋាន​ ដេីម្បី​បង្កាទប់ស្កាត់​បទល្មើស​ រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។លុះពេលជិះមកដល់ចំណុច​កើតហេតុ​ ក៏ស្រាប់​តែ​ប្រទះ​ឃើញ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​​ជិះ​ម៉ូតូ​ ឌុបគ្នាតាម​បណ្ដោយ​ផ្លូវ​ភ្នំពេញហាន់ណូយ​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ បាន​ធ្វេីសកម្ម​ភាព​ឆក់ទូរ​ស័ព្ទ​ដៃ​មួយគ្រឿងមិន​ចាំ​ម៉ាកពីនារី​ម្នាក់ ​ដែល​កំពុង​ជិះ​ម៉ូតូ​​ម៉ាក​ធូដេ​ មិន​ចាំស្លាកលេខ​ ក្នុងទិស​ដៅស្របទិសគ្នា​តែមិនបានសម្រេច ។ 

សមត្ថកិច្ចបន្តថា ភ្លាមៗនោះ​នារី​រងគ្រោះ​ ក៏​បាន​ស្រែក​ចោរ​ៗ​ បង្ក​ឲ្យជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ រួចក៏​បន្ថែម​ល្បឿន​បេីក​រត់គេចខ្លួន​។សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញ​តាម ​ដល់​ចំណុច​ខាងក្រោម​ស្ពានអាកាស​៥មករា​ ដោយជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​ក៏​បាន​ដួល​ម៉ូតូ​ រួច​ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​​ រួចនាំ​​យក​ទៅ​សាកសួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដេីម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ​៕​ ដោយ ៖ ធ្នូជ័យ