គួរស៊ើបឱ្យដឹងនិងបង្ហាញមុខ ជនមួយណាឃុបឃិតជាមួយចិនម្នាក់នោះ ? នាំចូលម៉ាស៊ីនភ្លើងធំៗបែបនេះដោយគេចពន្ធបាន

ព្រះសីហនុ ៖ ជំនួញនាំទំនិញគេចពន្ធរបស់ជនខិលខូចមួយចំនួន បានធ្វើអោយរដ្ឋបាត់បង់ថវិកាចូលជាតិ ក្នុងមួយឆ្នាំរាប់លានដុល្លារ ប៉ុន្តែលុយរាប់លានដុល្លារទាំងនោះ បែរជាចូលក្នុងហោប៉ៅក្រុមគ្រួសារជនទុច្ចរិតមួយក្ដាប់តូចនោះ ក្លាយជាមហាសេដ្ឋីដេកលើគំនរមាសពេជ្រដ៏មហាសាលទៅវិញ ។ ដូចជាជននាំឡានទំនើបៗគេចពន្ធជាដើម ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចគយចលត័នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដឹកនាំចុះអនុវត្តន៍ផ្ទាល់ ចូលឆែកត្រួតពិនិត្យក្នុងឃ្លាំង លក់ម៉ាសុីនភ្លើងចំនួន២កន្លែង មានម្ចាស់ជាជនជាតិចិន ដែលមានទីតាំងទី១-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង មានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅឃ្លាំងគ្មានលេខ និង២-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ១សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ។

បើតាមមន្ត្រីគយថ្លែងថា ក្នុងពេលឆែកត្រួតពិនិត្យ កន្លែងលក់ម៉ាសុីនភ្លើងទាំង២កន្លែងនេះ សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំ ប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធ នាំចូលខុសនឹងនិតិវិធីគយ ។

មន្ត្រីគយថ្លែងបញ្ជាក់ដែរថា សកម្មភាពបង្ក្រាបទំនិញគេចពន្ធនេះ គឺអនុវត្តន៍តាមគោលការណ៍ណែនាំផ្ទាល់ ពីប្រធាននាយកដ្ឋានបង្កានិងបង្ក្រាបអំពើគេចពន្ធ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដែលតម្រង់ទិសអោយប្រតិបត្តិករឯកជនទាំងអស់ ទាំងជនជាតិខ្មែរនិងជនបរទេស ត្រូវគោរពច្បាប់ពន្ធគយ ដើម្បីប្រមូលប្រាក់ពន្ធជូនរដ្ឋ ៕